(ភ្នំពេញ)៖ ថ្ងៃនេះជាខួបអនុស្សាវរីយ៍លើកទី៣៨ កំណើតរណិសរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ហៅខួប២ធ្នូ ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ប៉ុលពត។
អាស្រ័យដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ និងឥស្សរៈជនមួយចំនួនទៀត ដែលជាអ្នកបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត (រណសិរ្ស ពីរធ្នូ) តើមានអ្វីជាសារសំខាន់? សូមលោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ជួយពន្យល់ចំពោះថ្ងៃ២ធ្នូនេះ។
លោក ផៃ ស៊ីផាន៖ សូមអរគុណចំពោះការតាំងសំនួរដ៏ល្អនេះ ថ្ងៃនេះមានរយៈពេលកន្លងមកសាមសិបប្រាំបីឆ្នាំមកហើយ ចំពោះចលនាកិច្ចប្រមូលកំលាំងដែលកើតចេញ ពីជនរងគ្រោះស្ទើរអស់ជីវិត ដែលរបប ប៉ុលពត តាមប្រមាញ់សម្លាប់។ និន្នាការ និងជំនឿខុសគ្នាយ៉ាងណាក៏ដោយ គឺកិច្ចការពាររជីវិតដើម្បីរស់ខ្លួនម្នាក់ៗផ្ទាល់ ដែលរស់នៅភៀសខ្លួនពីតំបន់ប៉ុល ពត កាន់កាប់ និងលើបន្ទាត់ប្រឈមស្លាប់រស់នេះជាការចាប់ផ្តើមចលនាតស៊ូអាវុធ និងនយោបាយដើម្បីរំដោះជីវិតមហាជន ដែលស្ថិតនៅក្នុងជំរំគុកឥតជញ្ជាំងក្នុងនៃផ្ទៃប្រទេសកម្ពុជាដែលគេហៅថា សង្គ្រាមរបស់ជនជាតិខ្លួន។
ការកាត់ក្តីលើករណីមេដឹកនាំជាន់ខ្ពស់ និងជនដែលទទួលខុសត្រូវខ្ពស់បំផុតនៃរបបប៉ុលពត «របស់អង្គជុំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ឬពាក្យសាមញ្ញ តុលាការខ្មែរក្រហម» បានធ្វើការវិនិឆ្ឆ័យនិងដាក់ទោសដល់ ខៀវ សំផន នួន ជា និង កាំង ហ្កេកអ៊ាវ ហៅឌុច នោះជាហេតុផលជាមួយ និងជាទឡ្ហីករប្រវត្តិសាស្រ្តដែលបញ្ជាក់នូវតម្លៃជាសាកល នៅក្នុងពិភពលោករបស់ «រណសិរ្ស ពីរធ្នូរនេះ»។
ការសម្រេចក្តីនេះ របស់តុលាការខ្មែរក្រហម គឺជាតម្លៃសាកល នៃប្រវត្តិសាស្រ្តមនុស្សជាតិ ដែលបានកើតឡើងនៅកម្ពុជា ក្នុងការស្វែងរក និងយល់ឃើញ ជាសាកលថារបបប៉ុលពតជា របបមហាឃោឃៅ មនុស្សឃាដ និងឧក្រិដ្ឋកម្មសង្គ្រាម ដែលធ្វើឲ្យមនុស្សរាប់លានអ្នកស្លាប់។ ការវិនិច្ឆ័យពីអំពើកាប់សម្លាប់ ឃោឃៅរបស់របបប៉ុលពត ក៏ជាលទ្ធផលនៃការវិនិឆ្ឆ័យលើភាពត្រឹមត្រូវស្របច្បាប់ នៃការបង្កើតរណសិរ្សពីរធ្នូ រំដោះជាតិ រំដោះជីវិតប្រជាពលរដ្ឋខ្មែរផងដែរ។ នេះហើយជាតម្លៃសាកល និងលេចធ្លោរបស់រណសិរ្សពីរធ្នូ៕