(ភ្នំពេញ)៖ នាយកក្រុមហ៊ុន ដឹកអ្នកដំណើរ ឡារីតា ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីឈ្មោះមួយ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ បានធ្វើលិខិតមួយច្បាប់ ផ្ញើជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសំណូមឲ្យលោករដ្ឋមន្ត្រី ធ្វើកិច្ចអន្តរាគមន៍ទៅកាន់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ដែលបានចាប់រថយន្តរបស់ខ្លួនទុក ហើយគេចវេសមិនព្រមដោះស្រាយ ដែលធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម បម្រើភ្ញៀវទេសចររបស់ក្រុមហ៊ុន។
លិខិតរបស់នាយកក្រុមហ៊ុន ឡារីតា បានរៀបរាប់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៧ព្រឹក មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដឹកនាំដោយលោក នុត លី តួនាទីជាអនុប្រធានមន្ទីរសាធារណការខេត្ត បានចុះឃាត់ និងដកហូតរថយន្ត របស់ក្រុមហ៊ុន ឡារីតា ដែលកំពុងតែដឹកភ្ញៀវជាតិ និងអន្តរជាតិ រួចយកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ដោយអះអាងថា ក្រុមហ៊ុនមិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងក្របខណ្ឌរដ្ឋបាល។
នាយកក្រុមហ៊ុនដដែលរូបនេះ បានលើកឡើងថា បន្ទាប់ពីមានការឃាត់ទុករថយន្តនេះ ក្រុមហ៊ុនរបស់លោក បានធ្វើការទាក់ទងទៅលោក នុត លី ដើម្បីដោះស្រាយសុំដករថយន្តមកវិញ និងបំពេញឲ្យបានសព្វគ្រប់ នូវចំណុចខ្វះខាតផ្នែករដ្ឋបាល ប៉ុន្តែត្រូវបានអនុប្រធានមន្ទីររូបនេះ រុញឲ្យទៅទាក់ទងមន្ត្រីការិយាល័យសាលាខេត្ត ហើយមន្ត្រីការិយាល័យសាលាខេត្តនោះ រុញឲ្យទៅទាក់ទង លោក នុត លី វិញ គឺមិនព្រមដោះស្រាយជូនឡើយ ដែលធ្វើឲ្យបះពាល់ដល់ការប្រកប អាជីវកម្មយ៉ាងខ្លាំង។
នាយកក្រុមហ៊ុន ឡារីតា បានស្នើដល់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល យ៉ាងដូច្នេះថា «ជាសំណូមពរ យើងខ្ញុំ សូមស្នើសុំដល់ឯកឧត្តមទេសរដ្ឋមន្ត្រី មេត្តាពិនិត្យរបៀបធ្វើការរបស់មន្ត្រីថ្នាក់ក្រោមឡើងវិញ និងជួយសំរួល និងអនុញ្ញាតឲ្យ យើងខ្ញុំបានដកយករថយន្ត មកដំណើរការអាជីវកម្មជាធម្មតា ដោយអនុគ្រឡផងចុះ។ សម្រាប់ឯកសារផ្លូវច្បាប់នានា យើងខ្ញុំស្នើសុំរយៈពេលសមស្របមួយ ដើម្បីបំពេញចំណុចខ្វះខាតទាំងនោះតាមក្រោយ»៕