(ភ្នំពេញ)៖ ជាមួយនឹងការសម្តែងការគាំទ្រដល់បញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំដោយ គ.ជ.ប នាពេលនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានកោតសរសើរថា បញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីនេះ ល្អប្រសើរជាងបញ្ជីឈ្មោះអ្នកបោះឆ្នោតចាស់ ទាំងបរិមាណ និងគុណភាព។
លោក សម រង្ស៊ី បានលើកឡើងនៅលើទំព័រ Facebook របស់លោកនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះថា «ជាសន្និដ្ឋានប្រៀបធៀបទៅនឹងបញ្ជីឈ្មោះ អ្នកបោះឆ្នោតចាស់ (២០១៣) បញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី (២០១៦) ល្អប្រសើរជាងឆ្ងាយណាស់ គិតទាំងបរិមាណ ទាំងគុណភាព។ កត្តាជាមូលដ្ឋាននេះ ជាហេតុធ្វើឲ្យការបោះឆ្នោត ឆ្នាំ២០១៧ និង ២០១៨ នឹងមានលក្ខណៈល្អប្រសើរជាងការបោះឆ្នោតឆ្នាំ២០១៣ ឆ្ងាយណាស់»។
របាយការណ៍ផ្លូវការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលផ្សព្វផ្សាយ កាលពីម្សិលមិញ បានឱ្យដឹងថា មានប្រជាពលរដ្ឋប្រមាណ ៧,៨៧៣,១៩៤នាក់ ស្មើនឹង៨១.៤៧ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត នៅអំឡុងពេល៣ខែនេះ។
ការចុះឈ្មោះបោះឆ្នោតថ្មី បានបិទបញ្ចប់ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយក្នុងនោះ គ.ជ.ប បានរកឃើញថា មានពលរដ្ឋខ្មែរត្រឹមតែជាង១លាននាក់ ដែលអវត្តមានក្នុងការចុះឈ្មោះនេះ ហើយពួកគាត់ភាគច្រើនគឺជាពលករខ្មែរនៅក្រៅប្រទេស។
លោក សម រង្ស៊ី លើកឡើងថា «ទោះជាពលរដ្ឋខ្មែរជាង១លាននាក់ មិនបានចុះឈ្មោះបោះឆ្នោតថ្មីៗនេះ ដោយសារតែស្នាក់នៅក្រៅប្រទេស ក៏យើងអាចសប្បាយរីករាយ អំពីលទ្ធផលសរុបនៃដំណើរការចុះឈ្មោះអ្នកបោះឆ្នោត ក្នុងរយៈពេល ៣ ខែកន្លងមកនេះ»។ លោកបានបន្ថែមថា «ខ្ញុំសូមកោតសរសើរអស់ពីដួងចិត្ត ចំពោះពលរដ្ឋខ្មែរគ្រប់រូប ដែលបានខិតខំទៅចុះឈ្មោះឲ្យទាល់តែបាន ដើម្បីរក្សាសិទ្ធិបោះឆ្នោតរបស់ខ្លួន ហើយបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋពេញលក្ខណៈ»៕