(ឧត្តរមានជ័យ)៖ អាណាព្យាបាល និងសិស្សានុសិស្សនៅក្នុងស្រុកអន្លង់វែង ជាតំបន់ស្វែងរកសន្តិភាព និងបញ្ចប់សង្រ្គាមចុងក្រោយគេនៅកម្ពុជានោះ បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានផ្តល់អគារសិក្សាបំពេញតម្រូវការអប់រំរបស់ពួកគេ។

ការថ្លែងអំណរគុណរបស់អាណាព្យាបាល និងសិស្សានុសិស្សនៅក្នុងស្រុកអន្លង់វែងនេះ បានធ្វើឡើងក្នុងពេលពួកគេ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយនាយឧត្តមសេនីយ៍ គន់ គីម ដែលជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ ក្នុងដំណើរចុះសួរសុខទុក្ខ និងជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តឧត្តរមានជ័យ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាជាច្រើនខ្នង ដើម្បីបំពេញការសិក្សារបស់សិស្សានុសិស្សលើដែនដី អតីតសមរភូមិសង្រ្គាម។

ក្នុងនោះនៅវិទ្យាល័យអន្លង់វែង សម្តេចតេជោ បានផ្តល់អាគារសិក្សា ១ខ្នងបីជាន់ ៣០បន្ទប់ អគារសិក្សា ១ខ្នង ៦បន្ទប់ ទីចាត់ការ ១ខ្នង និងផ្លូវចូលតាមអគារសិក្សា តារាងបាល់ទាត់ ព្រមទាំងរបងសាលាផងដែរ។ សម្រាប់បឋមសិក្សា ហ៊ុន សែន អន្លង់វែងវិញ សម្តេចតេជោផ្តល់អគារសិក្សាសរុប ៣ខ្នង ស្មើនិង ៣២បន្ទប់ អគារបណ្ណាល័យ ១ខ្នង អគារទីចាត់ការ ១ខ្នង ផ្លូវចូលទៅតាមអាគារសិក្សា និងតារាងបាល់បោះ១ផងដែរ។

នៅចំពោះមុខអាណាព្យាបាល និងសិស្សានុសិស្សនៅក្នុងស្រុកអន្លង់វែង នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានប្រឹងប្រែងបញ្ចប់សង្រ្គាម និងស្វែងរកសន្តិភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែងនេះ ឲ្យពួកគេបានរស់នៅ និងមានឱកាសអភិវឌ្ឍន៍ជីវភាពឲ្យបានរីកចម្រើនជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍ គន់ គីម បន្តគូសបញ្ជាក់ថា មិនត្រឹមតែស្វែងរកសន្តិភាពសម្រាប់ប្រជាពលរដ្ឋនោះទេ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះធនធាននៅលើទឹកដី អតីតសមរភូមិនេះថែមទៀតផង អាស្រ័យហេតុនេះហើយទើបសម្តេច បានផ្តល់អគារសិក្សាជាច្រើនបែប ដើម្បីបំពេញតម្រូវការរបស់សិស្សានុសិស្ស។

នាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីតបស្នងសងគុណចំពោះការប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាដើម្បីយកចំណេះដឹងទៅចូលរួមអភិវឌ្ឍន៍ស្រុកកំណើតរបស់ខ្លួ​ន ក៏ដូចជាស្រុកទេសទាំងមូល៕