(សៀមរាប)៖ អគារសិក្សាសាងសង់ថ្មី ១ខ្នង មាន ៥បន្ទប់ នៅអនុវិទ្យាល័យ កែវពណ៌ ឃុំកែវពណ៌ ក្នុងស្រុកពួក ខេត្តសៀមរាប ដែលជាអំណោយរបស់ រដ្ឋាភិបាលជប៉ុន បានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ ដែលស្ថិតក្នុងអធិបតីភាពរបស់អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោក ហូរី នូជិ អ៊ីជេអ៊ីសា (H.E HORI NOUCHI HIDEHISA) ឯកអគ្គរាជទូតជប៉ុន និងមន្ត្រីជាន់ខ្ពស់ស្ថានទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា, ព្រះតេជ្ជគុណ ស៊ីកាដា មីណេអូ (Ven. TSUKADA MUYNEO) នៃព្រះវិហារស្យូហ្វ៊ូគូយិ ជប៉ុន, លោកព្រឹទ្ធាចារ្យ យ៉ាណូ តេស៊ូរ៉ូ (YANO TETSURO) និងជាអតិតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន រួមនិងប្រតិភូ អ៊ូស៊ូណូមីញ៉ា រ៉ូតារីក្លឹបជប៉ុន និងដោយមានការចូលរួមពីព្រះសង្ឃ អាជ្ញាធរដែនដី លោកគ្រួ អ្នកគ្រួ សិស្សានុសិស្ស ប្រជាពលរដ្ឋ ផងដែរ។
លោក ហូរី នូជិ អ៊ីជេអ៊ីសា ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា ការអប់រំពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ។ ហើយរដ្ឋាភិបាលនៃប្រទេសជប៉ុន បានចូលរួមគាំទ្រគម្រោងអភិវឌ្ឍនានារបស់ប្រទេសកម្ពុជា ក្នុងនោះក៏មានគម្រោងសាងសង់សាលារៀនផងដែរ ។ ហើយគម្រោងនេះ គឺជាគម្រោងសាងសង់អគារសិក្សាទី២ហើយ នៅក្នុងខេត្តសៀមរាប គឺមានអគារសិក្សា ១ខ្នង មាន ៥បន្ទប់ និងមានបំពាក់នូវគ្រឿងសង្ហារឹម មានតុ កៅអី ក្ដារខៀន ហើយក៏បានសាងសង់បន្ទប់ទឹក ២បន្ទប់ផងដែរ ។ នេះជាការបំពេញនូវសេចក្ដីត្រូវការសម្រាប់ការសិក្សារបស់សិស្សានុសិស្សចំនួន ២៣៣នាក់ ប្រកបដោយសុវត្ថិភាពនិងផាសុខភាព។ លោកមានសង្ឃឹមថា អគារសិក្សានេះនឹងត្រូវបានថែទាំយ៉ាងល្អ និងក៏ជានិមិត្តរូបនៃចំណងមិត្តភាពរបស់រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទាំងពីរ គឺកម្ពុជាជប៉ុន ឱ្យបានកាន់តែល្អប្រសើរឡើងផងដែរ។
លោកព្រឹទ្ធាចារ្យ យ៉ាណូ តេស៊ូរ៉ូ បានលើកឡើងថា ដោយមានទំនាក់ទំនងដ៏ល្អប្រសើររវាង ព្រះតេជ្ជគុណ ស៊ីកាដា មីណេអូ និងលោកឧកញ៉ា សៀង ណាំ បានជួប រាប់អាន និងសហការគ្នា ទើបមានការកសាងអគារសិក្សា នៅខេត្តសៀមរាបនេះបានចំនួន១៥ខ្នង ស្មើនឹង ៦៨បន្ទប់ហើយ ដែលមានជាអំណោយរបស់សប្បុរជន និងរាជរដ្ឋាភិបាលជប៉ុន ។ លោកព្រឹទ្ធាចារ្យ ក៏បានធ្វើសំណូមពរដល់លោកគ្រួ អ្នកគ្រួ សិស្សានុសិស្ស រួមនិងអ្នកគ្រប់គ្នាចូលរួមក្នុងថែរក្សាអគារសិក្សានេះ ដើម្បីឱ្យមានភាពរស់រវើក និងថែទាំសម្រាប់មនុស្សជំនាន់ក្រោយៗទៀតបានប្រើប្រាស់ជាប្រយោជន៍ដ៏យូរអង្វែងតទៅ ។
ហើយលោកសូមឱ្យសិស្សានុសិស្សទាំងអស់បន្តខិតខំព្យាយាមរៀនសូត្រឱ្យបានពូកែ ព្រោះអ្នកទាំងអស់គ្នា គឺជាទំពាំងស្នងឬស្សី នៃប្រទេសកម្ពុជា ប្រកបដោយមោទនភាព ។ លោកបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា ប្រទេសជាតិមានការរីកចម្រើន គឺអាស្រ័យដោយមនុស្សបានទទួលការអប់រំ និងមានចំណេះដឹង ហេតុដូច្នេះហើយ ទើបសម្ដេចបានផ្ដួចផ្ដើមបង្កើត និងកសាងអគារសិក្សាបានយ៉ាងច្រើន នៅទូទាំងកម្ពុជា ដែលជាការផ្ដល់នូវឱកាសកសាងគ្រឺះនៃសរសរស្ដម ដ៏រឹងម៉ាំសម្រាប់ប្រទេសកម្ពុជា ។
ក្នុងពិធីសម្ភោធអាគារសិក្សានោះ អ្នកឧកញ៉ា សៀង ណាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ស៊ីន សូអាបេ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់អគារសិក្សានាពេលនេះ តាមរយៈស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា យ៉ាងច្រើនទៀត ។ ជាក់ស្ដែងសម្រាប់តែខេត្តសៀមរាប តាមរយៈព្រះតេជ្ជគុណ ស៊ីកាដា មីណេអូ យើងទទួលបានអគារសិក្សាចំនួន១៥ខ្នង ស្មើនឹង ៦៨បន្ទប់ រួមទាំងសម្ភារៈសិក្សា សម្ភារៈកីឡា និងសម្ភារៈបង្រៀនមួយចំនួនធំទៀត ។ ក្នុងនោះក៏បានសាងសង់ទីចាត់ការសាលាបានចំនួន ៥ខ្នង, បង្គន់អនាម័យក្នុងបរិវេណសាលារៀន ចំនួន ៤ខ្នង, ផ្ដល់អណ្ដូងទឹកស្អាត់ ចំនួន ១៣៨អណ្ដូង ។ ហើយសម្រាប់នៅអនុវិទ្យានេះ អគារសិក្សានាឆ្នាំកន្លងទៅបាន ១ខ្នង ស្មើនឹង ៤បន្ទប់ ជាអំណោយរបស់លោកព្រឹទ្ធាចារ្យ មូចាគី តាមរយៈព្រះតេជ្ជគុណ ស៊ីកាដា មីណេអូ ផងដែរ ។
នៅក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា បានប្រគល់ជូននូវគ្រឿងឥស្សរយស ជូនលោក ហូរី នូជិ អ៊ីជេអ៊ីសា ឯកអគ្គរាជទូតជប៉ុន និងជាតំណាងរដ្ឋាភិបាលជប៉ុន ។ ហើយក្នុងនោះផងដែរ លោកតា យាយ បងប្អូន ពូមីង ប្រជាពលរដ្ឋ៣០០នាក់ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១, សិស្សានុសិស្ស លោកគ្រួ អ្នកគ្រូ ជាង ៣៥០នាក់ ក្នុងម្នាក់ៗ ទទួលបានសម្ភារៈសិក្សា និងថវិការមួយចំនួនផងដែរ។ ចំណែកសិស្ស ៥នាក់ ដែលបានឡើងឆ្លើយសំនួរ ក្នុងម្នាក់ៗទទួលបានថវិការ ចំនួន ១០០ដុល្លារ និងសិស្ស៣នាក់ទៀត ទទួលបានប្រាក់លើកទឹកចិត្ត៥០ដុល្លារផងដែរ៕