(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលស្វាគមន៍ចំពោះក្រុមការងារជំនាញមកពីប្រទេសជប៉ុន ដែលមានបំណងចង់សិក្សាស្វែងយល់ អំពីទំនាក់ទំនងវិជ្ជាជីវៈ និងច្បាប់ពាក់ព័ន្ធនានានៅកម្ពុជា ដើម្បីយកទៅផ្សព្វផ្សាយឲ្យបានច្បាស់ប្រាប់ដល់អ្នកវិនិយោគ ដែលមានបំណងចង់មកបោះទុនវិនិយោគ ក្នុងប្រទេសកម្ពុជា។
ការបញ្ជាក់បែបនេះ ត្រូវបានស្ដែងចេញឡើងក្នុងជំនួបជាមួយ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាតំណាងរបស់លោករដ្ឋមន្រ្តី អ៉ិត សំហេង ជាមួយក្រុមការងារស្រាវជ្រាវច្បាប់របស់ក្រសួងការងារ នៃប្រទេសជប៉ុន ដឹកនាំដោយលោក កូហ្សូ កាហ្គាវ៉ា សាស្រ្តាចារ្យនៃសាកលវិទ្យាល័យអូសាកា នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងការងារ។
ក្នុងឱកាសនោះ លោក កូហ្សូ កាហ្គាវ៉ា បានឲ្យដឹងថា ក្រុមការងារជំនាញរបស់លោក បាននឹងកំពុងសិក្សាស្រាវជ្រាវ ពីព័ត៌មានពាក់ព័ន្ធនឹងបញ្ហាច្បាប់ បញ្ហាប្រាក់ឈ្នួល និងការងារពាក់ព័ន្ធជាច្រើន ដើម្បីឈានទៅការប្រមូលព័ត៌មានឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
លោក កូហ្សូ បានបន្តថា ការដែលក្រុមការងារជំនាញរបស់លោក ធ្វើការសិក្សាស្វែងយល់ និងស្រាវជ្រាវលើការងារទាំងប៉ុន្មានខាងលើនេះ ក៏ដើម្បីផ្សព្វផ្សាយព័ត៌មានពិតប្រាកដ ដល់ក្រុមអ្នកវិនិយោគនៅឯជប៉ុន ពាក់ព័ន្ធនឹងទំនាក់ទំនងវិជ្ជាជីវៈ ច្បាប់ការងារ ច្បាប់សហជីព ប្រាក់ឈ្នួលអប្បបរមា និងបញ្ហាផ្សេងៗក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការប្រៀបធៀបជាមួយស្ថានភាពការងារ នៅប្រទេសឥណ្ឌា មីយ៉ាន់ម៉ា វៀតណាម សំដៅស្វែងរកទីតាំងវិនិយោគពិតប្រាកដ និងសមរមមួយ។
ឆ្លើយតបនឹងគោលបំណងដ៏ធំខាងលើ លោករដ្ឋលេខាធិការ ម៉ម វណ្ណៈ បានទទួលស្វាគមន៍ និងធ្វើការពន្យល់យ៉ាងយកចិត្តទុកដាក់ ដោយលោកបានរៀបរាប់ពី ឱកាសវិនិយោគដ៏ច្រើននៅកម្ពុជា លើកឡើងពីស្ថានភាពការងារ ច្បាប់ពាក់ព័ន្ធនានា សក្ដានុពលកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋកម្ពុជា និងស្ថានភាពវិជ្ជមានជាច្រើនទៀត ប្រាប់ដល់ភាគីជប៉ុនយ៉ាងខ្បោះខ្បាយបំផុត។
លោក ម៉ម វណ្ណៈ បានសង្កត់ធ្ងន់ទៅលើ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការគាំពារ ផ្ដល់ឱកាសដល់អ្នកវិនិយោគទុន និងយកចិត្តទុកដាក់លើសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ពោលគឺអ្វីៗទាំងអស់ មានភាពល្អប្រសើរជាងប្រទេសដទៃ។
លោក ម៉ម វណ្ណៈ បានជម្រាបប្រាប់ដល់ភាគីជប៉ុនថា «ដើម្បីអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨ ឱ្យទទួលបានជោគជ័យ ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាពចំនួន៥ រួមមាន៖ ១.ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ២.ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ៣.ការអភិវឌ្ឍមុខរបរ និងការងារ, ៤.ការអភិវឌ្ឍរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ និង៥.ការពង្រឹងអភិបាលកិច្ចល្អ។
ក្រៅពីនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បាននឹងកំពុងអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ហើយក្រសួងការងារស្វាគមន៍ចំពោះភាគីជប៉ុនជានិច្ច ដែលចង់សិក្សាពីទំនាក់ទំនាក់ទំនងវិជ្ជាជីវៈ និងច្បាប់ពាក់ព័ន្ធនៅកម្ពុជា។
ភាគីជប៉ុនក៏បានសន្យាជួយផ្សព្វផ្សាយ និងជំរុញដល់អ្នកវិនិយោគជប៉ុន ឲ្យមានការចាប់អារម្មណ៍ពីឱកាសវិនិយោគ និងមកបោះទុនវិនិយោគនៅកម្ពុជា បន្ថែមទៀត ព្រោះក្រុមការងាររបស់លោក កូហ្សូ កាហ្គាវ៉ា បានមើលឃើញថា ក្រុមហ៊ុនវិនិយោគជប៉ុននៅកម្ពុជា នៅមានចំនួនតិចតូចនៅឡើយ បើប្រៀបធៀបនឹងប្រទេសជិតខាង៕