(ភ្នំពេញ)៖ ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តថ្មីមួយគ្រឿងទៀត នឹងចាប់ផ្តើមចល័តទៅផ្តល់សេវាត្រួតពិនិត្យបច្ចេកទេសយានយន្តរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តឆ្ងាយៗក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ។ ការដាក់ឲ្យដំណើរការម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តនេះ នឹងកាន់តែផ្តល់ភាពងាយស្រួលសម្រាប់ ប្រជាពលរដ្ឋក្នុងការយករថយន្តរបស់ពួកគេទៅត្រួតពិនិត្យបច្ចេកទេស។
ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តថ្មីនេះ ត្រូវបាននាំចូលពីប្រទេសកូរ៉េខាងត្បូង មានតម្លៃជាង ៣០ម៉ឺនដុល្លារ ហើយមានបច្ចេក ទេសខ្ពស់ក្នុងការត្រួតពិនិត្យបច្ចេកទេសយានយន្ត ហើយដំណើរការបានលឿនថែមទៀតផង។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា ការត្រួតពិនិត្យបច្ចេកយានយន្តនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ ដែលនាំឲ្យកម្ពុជាខាតបង់ថវិកាប្រមាណ ៣៣០លានដុល្លារក្នុងមួយឆ្នាំៗនោះ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការបញ្ជាទិញម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តនេះ ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងជួយបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរ និង ការចំណាយផ្សេងៗ។
លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ម៉ាស៊ីននេះ នឹងធ្វើការចល័តគ្រប់ខេត្ត-ក្រុង ដើម្បីឲ្យប្រជាពលរដ្ឋយកយានយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឲ្យបានគ្រប់ៗគ្នា នៅតាមបណ្តាខេត្តដែលពួកគេរស់នៅ។ សេវាត្រួតពិនិត្យយានយន្តចល័តនេះ នឹងជួយសម្រួល ប្រជាពលរដ្ឋ កាត់បន្ថយការធ្វើដំណើរទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅរាជធានីភ្នំពេញ ឬ តាមខេត្ត ដែលមានទីតាំងពិនិត្យបច្ចេកទេសអចល័ត។
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តនាំមកពីប្រទេសចិនមួយគ្រឿងហើយ ត្រូវបានដាក់ឲ្យដំណើរការ ហើយក៏បាននិងកំពុងធ្វើដំណើរចុះពិនិត្យយានយន្តនៅតាមបណ្តាខេត្ត។ ម៉ាស៊ីនត្រួតបច្ចេកទេសមួយគ្រឿងមុននេះ បានធ្វើសកម្មភាពពិនិត្យបច្ចេកទេសយានយន្តបាន ១,៥៨៦គ្រឿងហើយ ក្នុងខេត្តចំនួន៥ រួមមាន៖ តាកែវ កែប កំពត ស្វាយរៀង និងព្រៃវែង។
ពាក់ព័ន្ធនិងការត្រួតពិនិត្យបច្ចេកយានយន្តនេះដែរ លោក ស៊ុន ចាន់ថុល បានបង្ហើបឲ្យដឹងថា ដើម្បីសម្រួលការត្រួតពិនិត្យនេះកាន់តែ ងាយស្រួលទៀតនោះ នៅឆ្នាំ២០១៧ខាងមុខនេះ ក្រសួងនឹងដាក់ឲ្យដំណើរការប្រព័ន្ធប្រតិបត្តិការសុំសេវាត្រួតពិនិត្យបច្ចេកទេសយានយន្តតាមអ៉ីនធើណេតផងដែរ។ បើតាមលោក ស៊ុន ចាន់ថុល ប្រព័ន្ធនេះមានសមត្ថភាពខ្ពស់អាចផ្តល់ដំណឹងពេលយានយន្តដល់ពេល ត្រូវពិនិត្យបច្ចេកទេសថែមទៀតផង។
បើតាមក្រសួងសាធារណការ ក្រៅពីម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តទាំងពីរគ្រឿងនេះ បច្ចុប្បន្នក្រសួងក៏មានម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តអចល័តចំនួន ១០កន្លែងផងដែរ នៅក្នុងរាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង សៀមរាប កំពង់ស្ពឺ ព្រះសីហនុ ក្រចេះ ព្រះវិហារ កំពង់ឆ្នាំង និងខេត្តរតនគិរី៕