(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំហរដោយមិនឯកភាពចំពោះសំណើឱ្យបញ្ឈប់ការនាំចូលរថយន្តជជុះ ឬរថយន្តប្រើប្រាស់រួច បន្ទាប់ពីទទួលព័ត៌មានពីការព្រួយបារម្ភលើវិធានការនេះ។ នេះបើយោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន បង្ហាញនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ពីម្សិលម៉ិញមានការលើកឡើងនូវគំនិត ដែលចង់ស្នើឱយរាជរដ្ឋាភិបាល បញ្ឈប់ការនាំចូល រថយន្តប្រើប្រាស់រួច ឬហៅថា រថយន្តជជុះ (second hand)។ បន្ទាប់ពីទទួលព័ត៌មាននេះបងប្អូនប្រជាជនយើងមួយចំនួនបាន បង្ហាញពីការព្រួយបារម្ភ លើវិធានការនេះ។ ក្នុងតួនាទីខ្ញុំជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមគូសបញ្ជាក់ជូនជនរួមជាតិថា ខ្ញុំមិនយល់ស្របជាមួយសំណើបែបនេះទេ។ សូមបងប្អូនខិតខំរកប្រាក់ទិញរថយន្តជិះ តែសូមមេត្តាកុំនាំចូលរថយន្តចង្កូតស្តាំ និងសូមគោរពច្បាប់ចរាចរដើម្បីសុវត្ថិភាពទាំងអស់គ្នា»។
សូមជំរាបថា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសថា លោកនឹងជួបពិភាក្សាសុំយោបល់ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឲ្យបញ្ឈប់ការនាំចូលរថយន្តជជុះមកកាន់កម្ពុជា ក្នុងបំណងកាត់បន្ថយកំណើនយានយន្ត និងរំដោះការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ និងជួយរាជធានីភ្នំពេញឲ្យមានសណ្ដាប់ធ្នាប់ និងសោភណភាពល្អប្រសើរ។
លោក ប៉ា សុជាតិវង្ស ប្រកាសដូច្នេះក្នុងពេលរូបលោកជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលចរាចរនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលារាជធានី ភ្នំពេញ។ លោក ប៉ា សុជាតិវង្ស បានថ្លែងថា លោកនឹងជួបពិភាក្សាសុំយោបល់ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីឈានទៅស្នើសុំកាត់បន្ថយផែនការ មិនឲ្យនាំចូលរថយន្តជជុះ មកកាន់កម្ពុជាតទៅទៀត ប៉ុន្តែជំរុញលើកទឹកចិត្ដឲ្យមានការនាំចូលរថយន្តថ្មីៗជំនួសវិញ៕