Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌដូនពេញ ចុះពិនិត្យការទុកដាក់សម្រាមក្នុងធុងសម្រាមថ្មី និងណែនាំប្រជាពលរដ្ឋពី របៀបដាក់សម្រាម

01-12-2016 19:20

(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធមួយចំនួន ចុះត្រួតពិនិត្យការទុកដាក់ញែកសម្រាមរបស់ប្រជាពលរដ្ឋ ក្នុងធុងសម្រាមប្រភេទថ្មី ចាប់ពីមុខផ្សាររាត្រីរហូតដល់មុខព្រះបរមរាជវាំង និងបានណែនាំអប់រំពួកគាត់ពី របៀបដាក់សម្រាមក្នុងធុងថ្មីនេះ។

ធុងសម្រាមប្រភេទថ្មីនេះ មានថតចំនួន៣ គឺថតសម្រាប់ដាក់សម្រាមស្ងួត ថតដាក់សម្រាមសើម និងថតសម្រាប់កាកសំណល់ថ្មពិល (វិទ្យុសកម្ម) តែក្នុងពេលចុះត្រួតពិនិត្យ លោកអភិបាលខណ្ឌ បានសង្កេតឃើញថា ការទុកដាក់ញែកសម្រាមរបស់ប្រជាពលរដ្ឋ នៅមិនទាន់បានយល់ច្បាស់នៅឡើយទេ ព្រោះកាកសំណល់ដែលមានក្នុងធុងសម្រាមថ្មីនេះ មានលាយលំច្របូកច្របល់គ្នា ទាំងសម្រាមសើម និងសម្រាមស្ងួត គ្រប់ៗថត។

លោកអភិបាលខណ្ឌ បានបន្ថែមថា ការដាក់បន្ថែមធុងសម្រាមថ្មីនេះ នៅមិនទាន់អាចស្រូបយកបរិមាណសម្រាមទាំងអស់បាននោះទេ តែការដាក់ពង្រាយធុងសម្រាមថ្មីនេះ គឺចូលរួមជួយដាស់តឿន​អប់រំប្រជាពលរដ្ឋ អំពីការទុកដាក់ញែកសម្រាមឲ្យបានត្រឹមត្រូវ។ ហើយធុងសម្រាមថ្មីនេះ នឹងបន្តដាក់នៅតាមសួនច្បារ រមណីយដ្ឋានសំខាន់មួយចំនួនទៀត ក្នុងខណ្ឌដូនពេញ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ លោក គួច ចំរើន រដ្ឋបាលខណ្ឌស៊ីឆឹង នាក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បី បានផ្តល់ធុងសម្រាមប្រភេទថ្មីដូចខាងលើចំនួន ១០០ធុង ដល់ខណ្ឌដូនពេញ  តាមរយៈកិច្ចសហការគ្នារវាងខណ្ឌទាំងពីរ ដែលជាការរួមចំណែក ក្នុងការថែរក្សាអនាម័យ និងសម្អាតបរិស្ថាន សំដៅលើកកម្ពស់សោភ័ណភាពទីក្រុង ក៏ដូចជាការរឹតចំណងទំនាក់ទំនងរវាងខណ្ឌនិងខណ្ឌ នៃប្រទេសទាំង២ ឲ្យកាន់តែរឹងមាំផងដែរ៕