(ភ្នំពេញ)៖ ក្រោយពីទទួលបានការជួយទំនុកបម្រុងផ្ដល់ការឧបត្ថម្ភព្យាបាលជំងឺពិការភ្នែក រហូតដល់ជាសះស្បើយឡើងវិញមកនោះ នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ត្រីឈ្មោះ ស៊ុន សុខុម បានសម្រេចបំណងចូលជួបម្ចាស់ជំនួយផ្ទាល់ គឺលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ។
លោកស្រី ស៊ុន សុខុម មានអាយុ៤០ឆ្នាំ រស់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ពិការភ្នែកងងឹតមើលមិនឃើញ អស់ពេលជាយូរឆ្នាំមកហើយ ហើយត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានយកចិត្តទុកដាក់បញ្ជូនគាត់ ទៅពិនិត្យព្យាបាលវះកាត់ រហូតដល់ជាសះស្បើយឡើងវិញ។
នេះជាថ្ងៃទី១ហើយ ដែលលោកស្រី ស៊ុន សុខុម បានឃើញជួបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដោយផ្ទាល់ ដែលមុនៗគាត់ធ្លាប់តែស្គាល់ លោកឧត្តមសេនីយ៍ ត្រឹមតែសម្លេងប៉ុណ្ណោះ។ ខណៈពេលជួបសំណេះសំណាលជាមួយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លោកស្រីកាន់តែទទួលបាននូវក្តីរំភើបរីករាយបន្ថែមទៀត ដោយមិនត្រឹមតែទទួលបានការជួយយកចិត្តទុកដាក់ នាំលោកស្រីទៅពិនិត្យព្យាបាលភ្នែកទាំងសងខាង ឲ្យមើលឃើញឡើងវិញ ប៉ុណ្ណោះទេ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសន្យាជួយទំនុកបម្រុងលោកស្រី នូវថវិកា ២០ម៉ឺនរៀល និងអង្ករ ២ការ៉ុង ជារៀងរាល់ខែ ដោយគិតចាប់ពីថ្ងៃនេះតទៅ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្ដែងនូវក្តីរំភើបរីករាយយ៉ាងខ្លាំងដូចគ្នា ពេលបានជួយដល់លោកស្រី ដែលធ្លាប់តែងងឹតសូន្យសុង រហូតបានឃើញពន្លឺថ្ងៃឡើងវិញយ៉ាងដូច្នេះ ហើយការជួយឧបត្ថម្ភអង្ករ ២ការ៉ុង និងថវិកា ២០ម៉ឺនរៀល ជារៀងរាល់ខែនេះ ទោះបីវាមិនច្រើនក៏ពិតមែន តែលោកឧត្តមសេនីយ៍ឯក សង្ឃឹមថាអាចជួយរំលែកការដោះស្រាយជីវភាពមួយកម្រិតផងដែរ។
សូមបញ្ជាក់ថា ក្រៅពីលោកស្រី ស៊ុន សុខុម ក៏នៅមានប្រជាពលរដ្ឋចំនួន ៩គ្រួសារផ្សេងទៀត ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែជួយទំនុកបម្រុងជាប្រចាំខែដូចគ្នា ក្នុងនោះមាន ៤គ្រួសារ នៅខេត្តបន្ទាយមានជ័យ និង៥គ្រួសារ នៅរាជធានីភ្នំពេញ ហើយលោកស្រី ស៊ុន សុខុម គឺជាគ្រួសារទី១០។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឲ្យដឹងបន្ថែមថា ឆ្នាំមុនលោកឧត្តមសេនីយ៍ឯក ក៏ធ្លាប់មានក្តីរំភើបខ្លាំងយ៉ាងដូច្នេះដែរ ដោយបានខ្នះខ្នែងជួយឧបត្ថម្ភបងស្រីកើតទាចទឹកធ្ងន់ធ្ងរម្នាក់ ទៅស្វែងរកការព្យាបាលរហូតបានជាសះស្បើយ មានកម្លាំងធ្វើការបានដូចធម្មតាវិញ។
ក្រោយពីបញ្ចប់ការសំណេះសំណាល លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់អំណោយសម្រាប់ខែធ្នូ ឆ្នាំ២០១៦នេះ រួមមានថវិកា ២០ម៉ឺនរៀល, អង្ករ២ការ៉ុង, ទឹកបរិសុទ្ធ២កេស, បាកាស២កេស, ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ ជូនដល់លោកស្រី ស៊ុន សុខុម និងចាត់ឲ្យក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ យករថយន្តជួយដឹកអំណោយជូនលោកស្រី ទៅដល់គេហដ្ឋានផ្ទាល់តែម្តង៕