(សៀមរាប)៖ អាជ្ញាធរអប្សរា និងអាជ្ញាធរចិន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ បានជួបជជែកគ្នាផ្លាស់ប្តូរបទពិសោធន៍មួយចំនួនក្នុងការថែរក្សាតំបន់ទេសចរណ៍អង្គរ និងតំបន់ទេសចរណ៍ Miyun នៅក្នុងទីក្រុងប៉េកាំង។
លោក Jiang Xeufu បានលើកឡើងថា តំបន់ Miyun មានចំណុចច្រើន ដែលដូចគ្នានឹងរមណីយដ្ឋានអង្គរ ដូចជា តំបន់នេះជាចំណុចសំខាន់ នៃមហាកំពែងចិន ដែលមានប្រវែងទៅ ២០០គីឡូម៉ែត្រឆ្លងកាត់។ លើសពីនេះ តំបន់ Miyun ក៏មានសក្តានុពលខាងកសិកម្មបែបទំនើប មានអាងស្តុកទឹកដ៏ធំជាងគេបង្អស់នៅអាស៊ី។ ចំណុចទាំងនេះហើយ ដែលធ្វើឲ្យភ្ញៀវទេសចរកម្រមើលរំលងណាស់។ លោកចង់ឲ្យតំបន់នេះ មានទំនាក់ទំនងគ្នានឹងតំបន់អង្គរ ដើម្បីអាចដោះដូរបទពិសោធន៍គ្រប់គ្រងពីគ្នាទៅវិញទៅមកបាន។
លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញគណៈប្រតិភូនៃតំបន់ Miyun អំពីកិច្ចការសំខាន់ ដែលអាជ្ញាធរជាតិកំពុងអនុវត្តដូចជា ការងារអភិរក្សជួសជុលប្រាសាទ ការអភិវឌ្ឍទេសចរណ៍ និងការអភិវឌ្ឍសហគមន៍ជាដើម។
បន្ថែមពីនេះ លោកអគ្គនាយក ក៏បានបង្ហាញអំពីកិច្ចសហការល្អរវាងអាជ្ញាធរជាតិអប្សរា និងប្រទេសចិន លើវិស័យ៣សំខាន់ គឺការងារអភិរក្សជួសជុល ដែលកំពុងអនុវត្តនៅប្រាសាទតាកែវដោយស្ថាប័ន CSA កិច្ចសហការផ្នែកវិទ្យាសាស្ត្រលើការប្រើប្រាស់ប្រព័ន្ធផ្កាយរណបពីប្រទេសចិន តាមរយៈគម្រោងសហប្រតិបត្តិការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់អភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិ កភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប និងកិច្ចសហការផ្នែកការងារកសិកម្ម ដែលកំពុងអនុវត្តដោយក្រុមហ៊ុន Forward នៅក្នុងគម្រោងភូមិធម្មជាតិរុនតាឯក។
លោកអគ្គនាយបន្ថែមថា អាជ្ញាធរជាតិអប្សរារីករាយនឹងសហការជាមួយដៃគូជាតិ និងអន្តរជាតិ លើការងារគ្រប់វិស័យ ដែលបម្រើដល់ការងារអភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមរយៈកិច្ចពិភាក្សានៅថ្ងៃនេះ លោកអគ្គនាយកសង្ឃឹមថា កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងតំបន់ Miyun អាចនឹងឈានដល់កិច្ចចុះព្រមព្រៀងណាមួយក្នុងពេលឆាប់ៗខាងមុខនេះ៕