(កណ្តាល)៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានរៀបចំពិធីប្រកាសតែងតាំង និងទទួលស្គាល់គណៈកិត្តិយស ថ្នាក់សាខា និងអនុសាខា កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា លោក ជាវ តាយ ប្រធានគណៈ កម្មាធិការសាខា និងមានការនិមន្ត-អញ្ជើញចូលរួមពីព្រះនិមលវេទី ជា សំអាង ព្រះមេគណខេត្តកណ្តាល សប្បុរសជន ថ្នាក់ដឹកនាំ-មន្ត្រីរាជការ តាមក្រសួង មន្ទីរជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធជាតិកម្ពុជា និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណចំនួន ៤០០អង្គ/នាក់។
ក្នុងឱកាសនោះ លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានថ្លែងថា ពិធីប្រកាសតែងតាំង និងទទួលស្គាល់គណៈកិត្តិយសសាខា និងគណៈកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុក-ក្រុងទាំង ១១ សរុបចំនួន ១៣៣អង្គ/នាក់ ក្នុងនោះរួមមាន អនុប្រធានកិត្តិយសសាខា ១៧អង្គ/នាក់ និងប្រធាន-អនុប្រធាន កិត្តិយសអនុសាខា ១១៦អង្គ/នាក់។ ពិធីប្រកាសតែងតាំង និងទទួលស្គាល់នៅថ្ងៃនេះ គឺជាពិធីមួយដែលមានអត្ថន័យលើកកម្ពស់តួនាទី របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ក្នុងការបំពេញការងារមនុស្សធម៌ជួយជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅតាមបណ្តាស្រុក-ក្រុងទូទាំងខេត្តកណ្តាលទាំងមូល។
ទន្ទឹមនឹងនោះ លោក គីម រិទ្ធី អនុប្រធានកិត្តិយសសាខា ដែលតំណាងឲ្យគណៈកិត្តិយសសាខា-អនុសាខា បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា «បន្តគាំទ្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នៅអាណត្តិក្រោយៗទៀត ដើម្បីបានបន្តដឹកនាំបេសកកម្មមនុស្សធម៌ឱ្យកាន់តែរីកចម្រើនថែមទៀត និងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង ៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព»។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ប្រគេន និងជូនចំពោះគណៈកិត្តិយសសាខា-អនុសាខា មន្ទីរ អង្គភាពនានា អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិល្អក្នុងការជួយសម្របសម្រួលគ្រប់បែបយ៉ាង ដល់សកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នាពេលកន្លងមក។ ជាមួយគ្នានោះ លោកស្រី អគ្គលេខាធិការ បានផ្តាំផ្ញើជូនគណៈអភិបាលគ្រប់ជាន់ថ្នាក់ ដែលជាក្តីសង្ឃឹមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សូមមេត្តាបន្តរក្សាពង្រឹងសាមគ្គីភាពឱ្យបានជិតស្និទ្ធ និងសុខដុមរមនីយកម្ម រវាងគណៈកិត្តិយសសាខា អនុសាខា ជាមួយគណៈកម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ដើម្បីកៀរគរកម្លាំងសរុប និងមធ្យោបាយសរុប ដឹកនាំសាខាបន្តអនុវត្តសកម្មភាពស្របតាម ប្រធានបទប្រចាំឆ្នាំ២០១៦នេះ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»៕