(សៀមរាប)៖ វេទិកាថ្នាក់ជាតិលើកទី៣ ស្តីពី «ការជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍កសិ-ពាណិជ្ជកម្មកម្ពុជា» ត្រូវបានបើកសម្ពោធជាផ្លូវការនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឲ្យមានលក្ខណៈរស់រវើក បង្កើតឱកាសទីផ្សារ និងតភ្ជាប់បណ្តាញទំនាក់ទំនងរវាងផលិតកម្ម និង ទីផ្សារ ឲ្យកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានពិពណ៌នាអំពីសារៈសំខាន់ នៃវេទិកាសម្រាប់ការអភិវឌ្ឍន៍កសិ-ពាណិជ្ជកម្ម និងវិស័យឯកជន ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងស្ថានភាពថ្មីៗសម្រាប់វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីភាពចាំបាច់របស់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមរៀបចំយន្តការដ៏មានប្រសិទ្ធភាព ដើម្បីគ្រប់គ្រង កែច្នៃ និងអភិវឌ្ឍន៍ផលិតផលកសិកម្ម សំដៅឆ្លើយតបតម្រូវការទីផ្សារ ស្របតាមកំណើនសេដ្ឋកិច្ចជនបទ និងការហូរចូលនៃចំនួនភ្ញៀវទេសចរ ក្នុងខេត្តសៀមរាប។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានអំពាវនាវដល់ផលិតករ សិប្បករ និងសមាគមអាជីវកម្មទាំងអស់ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាអង្គរនៅថ្ងៃស្អែក ដើម្បីសិក្សាពីអ្នកជំនាញទីផ្សារ និងទទួលបានព័ត៌មានថ្មីៗបន្ថែមស្តីពីចរន្តវិវឌ្ឍន៍ នៃទីផ្សារសាកល, គោលនយោបាយអភិវឌ្ឍន៍ពាណិជ្ជកម្ម, ការលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារ ការអភិវឌ្ឍន៍ស្តង់ដារ និងការរកទីផ្សារសម្រាប់ផលិតផលជាដើម។
សូមបញ្ជាក់ថា វេទិកាថ្នាក់ជាតិលើកទី៣ ស្តីពី «ការជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍កសិ-ពាណិជ្ជកម្មកម្ពុជា» នឹងត្រូវរៀបចំរយៈពេល ០៤ថ្ងៃ គឺចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃអាទិត្យ នៅតាមសួនច្បារមាត់ស្ទឹង ទល់មុខព្រះរាជដំណាក់ ក្រុងសៀមរាប ក្រោមការចូលរួមសហការពីរដ្ឋបាលសាលាខេត្តសៀមរាប, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងទេសចរណ៍, ក្រសួងអភិវឌ្ឍន៍ជនបទ, មន្ទីរពាណិជ្ជកម្មខេត្ត, អង្គការអាគ្រីសុដ (Agrisud) និងអង្កការគ្រិត (GRET)។
វេទិកានេះ ក៏មានការតាំងបង្ហាញនូវផលិតផលបន្លែ ផ្លែឈើ និងទំនិញរបស់ខ្មែរជាង ១០០ស្តង់ និងការប្រកួតចំអិនម្ហូបអាហារខ្មែររបស់សមាគមចុងភៅកម្ពុជាផងដែរ៕