(ភ្នំពេញ)៖ និស្សិតកម្ពុជាជាច្រើននាក់ បានចូលប្រកួតសំណេរកម្រិតខ្ពស់មួយ ក្រោមប្រធានបទ «លទ្ធផលនៃការអភិវឌ្ឍ របស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការ ដែលត្រូវធ្វើឡើង នាពេលអនាគត» ដើម្បីធ្វើការស្ទង់មតិយល់ឃើញ នូវការអភិវឌ្ឍ និងការវិវឌ្ឍនៃភាពជាដៃគូរវាង ADB ជាមួយកម្ពុជា នាពេលអនាគត។
ក្រោយពីបញ្ចប់ការប្រកួតសំណេរ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងរួចមក គេបានរកឃើញបេក្ខជនជយលាភីចំនួន ៣រូប ដែលមានសមត្ថភាពខ្លាំងពូកែដាច់គេ និងបានរៀបចំពិធីផ្ដល់កិត្តិយស ដល់ពួកគាត់ ក្នុងឱកាសអបអរសាទរខួបលើកទី៥០ ភាពជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរវាង ADB និងកម្ពុជា ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលកម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋារគារសូហ្វីតែល ភ្នំពេញភូគេត្រា ដោយមានការចូលរួមពី មន្រ្តីរាជការពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល ស្ថាប័នសិក្សាស្រាវជ្រាវ ព្រមទាំងអតីតបុគ្គលិក និងបុគ្គលិកថ្មីរបស់ ADB សរុបជាង២០០នាក់។
បេក្ខជនជយលាភី៣រូប ខាងលើ ត្រូវបានជ្រើសរើសដោយឯករាជ្យ និងទទួលបានរង្វាន់មួយចំនួន។ ដោយឡែកជយលាភី៧រូប ផ្សេងទៀត ក៏ទទួលបានវិញ្ញាបនបត្របញ្ជាក់ ផងដែរ។
លោក Samiuela Tukuafu នាយក ADB ប្រចាំកម្ពុជា បានឲ្យដឹងថា «គោលបំណងនៃការប្រកួតសំណេរនេះ គឺដើម្បីជំរុញឲ្យមានការចូលរួមពីយុវជន និងនិស្សិត មកពីតាមសាកលវិទ្យាល័យនានា នៅកម្ពុជា សំដៅលើកទឹកចិត្តឲ្យមានការស្រាវជ្រាវ និងចែករំលែកទស្សនយល់ឃើញ អំពីលទ្ធផលនៃការអភិវឌ្ឍបច្ចុប្បន្នរបស់ ADB និងកម្ពុជា និងការវិវឌ្ឍនៃភាពជាដៃគូ នាពេលអនាគត»។
លោក Samiuela Tukuafu បានបន្តថា ADB បានផ្តល់គំនិតយល់ឃើញរបស់ប្រជាពលរដ្ឋកម្ពុជា ហើយបានវាយតម្លៃខ្ពស់ដល់កម្រិតនៃការយល់ដឹង ជាពិសេសរបស់យុវជនកម្ពុជា អំពីទស្សនទានអភិវឌ្ឍន៍សំខាន់ៗ ដូចជាការតភ្ជាប់ទំនាក់ទំនងជំនាញផ្សេងៗ ការទទួលបានទីផ្សារ សេវាសង្គម ការអភិវឌ្ឍជនបទ និងកំណើនប្រកបដោយបរិយាប័ន្ន។
ព្រឹត្តិការណ៍ប្រកួតសំណេរនេះ ជាលើកទី២ហើយ ដែលត្រូវបានរៀបចំឡើងជាផ្នែកមួយ នៃការប្រារព្ធខួបលើកទី៥០ របស់ ADB ហើយក៏ជាការអបអរសាទរភាពជាដៃគូរវាង ADB និងប្រទេសកម្ពុជា ក្នុងរយៈពេល ៥០ឆ្នាំ កន្លងទៅ ដែលព្រឹត្តិការណ៍លើកទី១ ដែលរៀបចំរួមគ្នាដោយ ADB និងក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក គាត ឈន់ ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានរៀបចំវេទិកាពិភាក្សាកម្រិតជាន់ខ្ពស់ ដោយពិភាក្សាទៅលើការរួមភាគទានរបស់ ADB ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងរយៈពេលកន្លះសតវត្សរ៍ចុងក្រោយនេះ ក៏ដូចជាទិសដៅនាពេលអនាគត នៃភាពជាដៃគូនេះផងដែរ។
កម្ពុជាគឺជាសមាជិករបស់ ADB តាំងពីឆ្នាំ១៩៦៦ មកម៉្លេះ។ ក្នុងឆ្នាំ ១៩៩១ នៅពេលដែលការធ្វើដំណើរមកប្រទេសនេះ នៅមានការលំបាកនៅឡើយ ADB គឺជាស្ថាប័នអភិវឌ្ឍន៍មួយ ក្នុងចំណោមស្ថាប័នអភិវឌ្ឍន៍ដំបូងៗ ដែលបានបញ្ជូនក្រុមការងារមកធ្វើការវាយតម្លៃតម្រូវការរបស់កម្ពុជា។
ក្នុងឆ្នាំ១៩៩៦ ADB គឺជាស្ថាប័នផ្តល់ហិរញ្ញប្បទានអន្តរជាតិទី១ ដែលបានបង្កើតការិយាល័យនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ ១៩៦៦ មក ADB បានផ្តល់ការគាំទ្រដល់កម្ពុជា ជាមួយនឹងទឹកប្រាក់ចំនួន ២.៨៤ពាន់លានដុល្លារ ក្នុងទម្រង់ជាកម្ចី និងជំនួយឥតសំណង ព្រមទាំងជំនួយបច្ចេកទេស ដោយផ្តោតការយកចិត្តទុកដាក់ខ្លាំង ទៅលើហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ កសិកម្ម ការអភិវឌ្ឍជនបទ និងការអភិវឌ្ឍធនធានមនុស្ស។
សូមជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ីមានសមាជិកចំនួន ៦៧ប្រទេស ដែលក្នុងនោះ ៤៨ប្រទេស មកពីតំបន់អាស៊ី។ ក្នុងឆ្នាំ២០១៥ ជំនួយសរុបរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានទឹកប្រាក់សរុបចំនួន ២៧.២ពាន់លានដុល្លារ ក្នុងនោះមានសហហិរញ្ញប្បទានចំនួន ១០.៧ពាន់លានដុល្លារ៕