(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសផ្លូវការមួយ នៅល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយអះអាងថា មានពលរដ្ឋប្រមាណ ៧,៨៧៣,១៩៤នាក់ ស្មើនឹង៨១.៤៧ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត នៅអំឡុងពេល៣ខែនេះ។

ការចុះឈ្មោះបោះឆ្នោតថ្មី បានបិទបញ្ចប់ហើយ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយក្នុងនោះ គ.ជ.ប បានរកឃើញថា មានពលរដ្ឋខ្មែរប្រមាណជាង១លាននាក់ អវត្តមានក្នុងការចុះឈ្មោះលើកនេះ។

របាយការណ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ក្នុងចំណោម២៥ រាជធានី-ខេត្ត ជាង៧,៨លាននាក់នោះ នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋទៅចុះឈ្មោះ រហូតដល់ជាង៨៥ម៉ឺននាក់ ដែលមានចំនួនច្រើនជាងខេត្តដទៃ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវក្តីរីករាយ និងអបអរសាទរផងដែរ ដែលមានប្រជាពលរដ្ឋខ្មែរជាច្រើនបាន ទៅចុះឈ្មោះបោះឆ្នោតបែបនេះ។

ទោះជាយ៉ាងណា គណបក្សសង្រ្គោះជាតិ មិនបានមើលឃើញដូចខាងគណបក្សកាន់អំណាចនោះឡើយ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំង បានបង្ហាញការសោកស្តាយ ដោយសារមានពលករខ្មែរនៅក្រៅប្រទេសជាង ១លាននាក់មិនបានចុះឈ្មោះបោះឆ្នោត។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្នុងចំណោមពលរដ្ឋខ្មែរជាង១៥លាននាក់ មានពលរដ្ឋតែ៩.៦លាននាក់ប៉ុណ្ណោះ ដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោត៕