(ភ្នំពេញ)៖ ដើម្បីចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកច្បាប់ ជូនដល់និស្សិតកម្ពុជា លោក អៀង សំណាង ជាគ្រូបង្រៀននៅសាកលវិទ្យាល័យឯកជន ក្នុងរាជធានីភ្នពេញ បានរៀបរៀងសៀវភៅច្បាប់ជាច្រើនក្បាល។
លោក អៀង សំណាង បានលើកឡើងថា ក្រៅពីបំពេញការងារជាគ្រូបង្រៀន លោកបានរៀបរៀងសៀវភៅផ្នែកច្បាប់មួយចំនួនដូចជា ច្បាប់កិច្ចសន្យា នីតិដ្ឋប្បវេណីជាដើម ដែលមុខវិជ្ជាសំខាន់មួយ សម្រាប់សិក្សាមហាវិទ្យាល័យ។
លោកបានឲ្យដឹងទៀតថា គ្រប់សៀវភៅនីមួយៗ សុទ្ធតែបានធ្វើការអធិប្បាយ យ៉ាងលំអិត មានលើកយកមាត្រាច្បាប់ គោលការណ៍ច្បាប់ផ្សេងៗ យកមកធ្វើជាមូលដ្ឋានក្នុងការបរិយាយ។ ពិសេសមានលើកឧទាហរណ៍មកបង្ហាញជូន ព្រមទាំងមានការបកស្រាយឧទាហរណ៍នោះ តាមបែបវិធីសាស្រ្តគតិយុត្ត ដើម្បីធ្វើឱ្យនិស្សិត កាន់តែមានភាពងាយស្រួល ក្នុងការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ។
លោក អៀង សំណាង បានឲ្យដឹងថា សៀវភៅទាំងនេះ គឺមានលក់តាមបណ្ណាគារ ក្នុងរាជធានីភ្នំពេញ ក្នុងតម្លៃសមរម្យ ហើយឆ្លៀតក្នុងឱកាសដែលបណ្ណាល័យជាតិ រៀបចំកម្មវិធីតាំងពិព័រណ៍ នាថ្ងៃទី២-៤ ខែធ្នូ ២០១៦ សៀវភៅផ្នែកច្បាប់របស់លោក នឹងដាក់លក់បញ្ចុះតម្លៃយ៉ាងពិសេស ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ការងារ ដែលមានជូននិស្សិតរបស់កម្ពុជា។
ជាមួយគ្នានេះ លោកអៀង សំណាង សង្ឃឹមថា សៀវភៅនេះនឹងក្លាយជាឯកសារសម្រាប់ ជំនួយស្មារតីដល់និស្សិតទាំងអស់ សិក្សាស្វែងយល់ និងទទួលបានចំណេះដឹងរៀងៗខ្លួន ដើម្បីចូលរួមចំណែកក្នុងការបណ្តុះបណ្តាល ធនធានមនុស្សសម្រាប់សង្គមជាតិ៕