(បាត់ដំបង)៖ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង មន្រ្តីរាជការ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង សូមថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានអញ្ជើញចុះសួរសុខទុក្ខ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង ពិនិត្យសភាពការណ៍ទូទាំងខេត្តបាត់ដំបង កាលពីពេលកន្លងមកនេះ ព្រមទាំងបានផ្តល់នូវអាគារសិក្សាយ៉ាងច្រើន និងសម្មិទ្ធផលនានាលើវិស័យអប់រំ។
នៅក្នុងលិខិតថ្លែងអំណរគុណនេះ លោក លោក ច័ន្ទ សុផលអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា «តាងនាមខ្ញុំតំណាងឲ្យថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបងទាំងអស់ សូមសំដែងការដឹងគុណ និងគោរព ចង់ចាំជានិច្ច ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ និងតម្រូវការរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត សំដៅពង្រឹង គុណភាពវិស័យអប់រំឲ្យកាន់តែល្អប្រសើរឡើង»។
តាមបើលោកអភិបាលខេត្ត សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអាគារសិក្សាចំនួន១១ខ្នង ស្នើ១៤៨បន្ទប់ អាគារស្នាក់នៅចំនួន៣ខ្នង មាន៤០បន្ទប់ ទីចាត់ការចំនួន៦ខ្នង មាន១៨បន្ទប់ បន្ទប់ទឹកចំនួន៣ ស្មើនឹង១០បន្ទប់ ទីលានបាល់ទាត់ចំនួន២ ទីលានបាល់ទះចំនួន១ និងទីលានបាល់បោះចំនួន១ ព្រមទាំងសម្ភារបរិក្ខា សម្រាប់វិស័យអប់រំជាច្រើនផ្សេងទៀត៕