(ភ្នំពេញ)៖ ក្នុងវេទិការធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន ក្រោមប្រធានបទ «កម្ពុជាព្រះរាជាណាចក្រ នៃកាលានុវត្តភាព ខ្សែក្រវ៉ាត់មួយផ្លូវមួយ» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៦ នៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានកិត្តិយសសមាគមឧកញ៉ា កម្ពុជា បានថ្លែងឲ្យដឹងថា នៅក្នុងគោលនយោបាយផ្តួចផ្តើម ដោយលោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ស្តីអំពី «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» យើងអាចសំគាល់ឃើញនូវការប្រឹងប្រែង របស់រដ្ឋាភិបាលចិន ក្នុងការផ្សាភ្ជាប់សមាហរ័ណកម្ម សេដ្ឋកិច្ចប្រទេសចិន ទៅនិងសេដ្ឋកិច្ច នៃ៦៥ប្រទេស នៅតាមបណ្តោយ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែលមានតាំងពី អាស៊ីបូព៌ា អាស៊ីអគ្នេយ៍ មជ្ឈឹមបូព៌ា អាស៊ីកណ្តាល មួយផ្នែកនៃទ្វីបអាហ្វិ្រក និងអឺរ៉ុប ។
ពាក្យ «ខ្សែក្រវ៉ាត់មួយ» គឺសំដៅ ខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ(Silk Road Economic Belt) ដែលជាផ្លូវរបៀងតភ្ជាប់ប្រទេសចិន ទៅអឺរ៉ុប ឆ្លងកាត់អាស៊ីកណ្តាល និងអាស៊ីខាងលិច ។ រីឯពាក្យ «ផ្លូវមួយ» គឺសំដៅទៅលើផ្លូវសូត្រ តាមសមុទ្ទនាសតវត្សរ៍ទី២១ (21st Century Maritime Silk Road) ដែលតភ្ជាប់ប្រទេសចិន ទៅអាស៊ីអគ្នេយ៍ អាហ្រ្វិក និងអឺរ៉ុប។
ក្នុងគម្រោងការដ៏មហិមារនេះ ដែលមានប្រភពទុនចរាចរ ទៅមកជាង២០លានលានដុល្លារអាមេរិក ប្រទេសចិននឹងផ្តោតទៅលើការពង្រីក ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មជឿនលឿន..ដែលនឹងមានអំណោយផលដល់ប្រជាជន ៤.៦០០លាននាក់ ស្មើនិង៦០ភាគរយនៃប្រជាជនលើពិភពលោក ។ ប្រទេសចិន ត្រូវគេរំពឹងថា នឹងផ្ទេរ នូវឧស្សាហកម្ម អតិពលកម្ម និងឧស្សាហកម្មប្រើដើមទុនធំៗរបស់ខ្លួន ក្នុងរង្វង់៥ឆ្នាំខាងមុខ ទៅឲ្យបណ្តាប្រទេសតាមបណ្តោយ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»ទាំងនោះ ។
នៅក្នុងបរិបទនេះ ប្រទេសកម្ពុជាយើង ដែលមានទំនាក់ទំនង ដល់កំរិតកំពូលជាមួយប្រទេសចិន គឺ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គឺជាឈ្នាន់មួយយ៉ាងសំខាន់ សំរាប់ទាក់ទាញនូវរោងចក្រចិនខាងលើ ឲ្យមកតាំងប្រតិបត្តិការនៅកម្ពុជាវិញ តួយ៉ាងការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានា នៅប្រទេសកម្ពុជា ដូចជា តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ (PPSEZ) និង តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ) ដែលកាលពីប៉ុន្មានខែកន្លងទៅនេះ បានទទួលរោងចក្រ មកវិនិយោគដល់ទៅចំនួន១០០រោងចក្រ ។
ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានបន្តទៀតថា គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ២០១៥-២០២៥ របស់កម្ពុជាក៏ត្រូវរៀបចំទ្បើង ដើម្បីស្រូបយកនូវប្រភេទឧស្សាហកម្ម ទាំងនោះ ឲ្យមកចូលក្នុងតំបន់ សេដ្ឋកិច្ចពិសេសនានា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលមានបំណង យកខេត្តមួយនេះទាំងមូល មកធ្វើជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង សម្រាប់បំរើដល់ការនាំចេញទៅកាន់ បណ្តាប្រទេសក្នុងតំបន់ និងទៅបណ្តាប្រទេសលើពិភពលោក ដែលផ្តល់ភាពអនុគ្រោះពន្ធគយសូន្យភាគរយ និងមិនកំរិតកំណត់បរិមាណទំនិញនាំចូល ទៅប្រទេសគេ (Duty-free, Quota-free Access)។
លោកទេសរដ្ឋមន្ត្រីក៏បានរំឭកជូនអង្គប្រជុំដែរថា ដោយសារព្រះរាជាណាចក្រកម្ពុជា ជាប្រទេសក្រីក្រ (Least-Developed Country “LDC”) មួយក្នុងចំណោមប្រទេស ក្រីក្រ៤៨លើពិភពលោក មុខទំនិញផលិតនៅកម្ពុជាអាចនាំចូល ទៅទីផ្សារប្រទេសអ្នកមាន (ប្រទេសអភិវឌ្ឍន៍) ដូចជា សហភាពអឺរ៉ុប ជប៉ុន កាណាដា អូស្រ្តាលី ញូវហ្ស៊ីទ្បែន ដោយរួចពន្ធគយ និងរួចការកំរិតកំណត់បរិមាណ (Duty free, Quota free access) ដែលអង្គការពាណិជ្ជកម្មពិភពលោក បានកំរិតឲ្យយើង។ មានតែសហរដ្ឋអាមេរិកតែមួយគត់ ដែលនៅអនុវត្តគិតពន្ធគយ លើមុខទំនិញកម្ពុជាជាង ៣០ភាគរយនៅឡើយ ។ ម្យ៉ាងវិញទៀត ទីផ្សារប្រទេសកំពុងអភិវឌ្ឍធំៗ ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌៀ ចិន អាហ្វ្រិកខាងត្បូង ក៏បានបើកឲ្យទំនិញកម្ពុជាចូលដោយរួចពន្ធគយ និងរួចការកំរិតកំណត់បរិមាណ សឹងតែទាំងអស់ដែរ។
ហេតុដូច្នេះហើយ លោកទេសរដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យលោក លោកស្រី ជាធុរជនចិន ពិចារណាចាប់ដៃគូជាមួយអ្នកធុរជន កម្ពុជា ក្នុងការវិនិយោគ ផលិត នាំចេញទៅកាន់ទីផ្សារទាំងនោះ ដែលជា ឱកាសមាស-ឱកាសប្រាក់ សំរាប់ប្រកបអាជីវកម្ម ដោយជោគជ័យ ហើយងាយស្រួល ជាងការផលិតចេញពីប្រទេសចិន ទៅបណ្តាប្រទេសអភិវឌ្ឍន៍ ខាងលើទាំងនោះទៀតផង។
លោកបន្ថែមថា ការជួបជុំអ្នកធុរកិច្ចធំៗ របស់ប្រទេសចិន និងអ្នកធុរកិច្ចធំៗរបស់ប្រទេសកម្ពុជា ជាពិសេសអ្នកធុរកិច្ច ដែលជាសមាជិក សមាជិកា នៃសមាគមនឧកញ៉ាកម្ពុជា គឺជាព្រឹត្តិការណ៍ផ្សាសាច់ផ្សាឈាម ដ៏កម្ររកបានមួយ ដែលថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ លើកទឹកចិត្តដោយក្លៀវក្លាបំផុត។ គម្រោងការធំៗនៅក្នុងវិស័យសេដ្ឋកិច្ច ពិសេសវិស័យកសិឧស្សាហកម្ម និងវិស័យឧស្សាហកម្មពណ៌បៃតង នឹងអាចកើតមានជារូបរាងបាន ដោយសារដៃគូសុទ្ធ តែជាអ្នកមានទុន សុទ្ធតែជាអ្នកមានបច្ចេកទេស សុទ្ធតែជាអ្នកមានបញ្ញាញាណ ខ្ពស់ដូចៗគ្នា។ ការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ក៏នឹងអាចរីកចម្រើនបានដែរ ដោយសារអាចទៅអែបនឹងរោងចក្រធំៗ ដែលធ្វើជាស្នូល ឧទាហរណ៍ ឧស្សាហកម្មយានយន្ត ឧស្សាហកម្មផលិតសម្ភារៈ បរិក្ខាអគ្គីសនី-អេទ្បិចត្រូនិច ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្ម មានប្រភពពីកៅស៊ូធម្មជាតិ ឧស្សាហកម្មម្ហូបអាហារ។ ល ។
វត្តមាននៅក្នុងវេទិកានេះ នៃក្រុមហ៊ុន ខាងផ្នែកធនាគារនិងហិរញ្ញវត្ថុចិន ក៏ជាឱកាសដើម្បីស្វែងរកហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោងវិនិយោគទាំងនោះ ។
សក្តានុពលមួយចំនួនទៀត ដែលព្រះរាជាណាចក្រកម្ពុជាមានគឺ កំលាំងពលកម្មមាន វ័យក្មេងមានចំនួនគួរសម មានអត្តចរិកឧស្សាហ៍ព្យាយាម តម្លៃពលកម្មនៅមានកំរិតសមរម្យទាប ជាងប្រទេសជិតខាងក្នុងតំបន់ ហើយនិងប្រទេសកម្ពុជាមានស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ គឺជាកត្តាសំខាន់ដែលអ្នកវិនិយោគគិន តែងស្វែងរកដោយលំបាក ។
នៅចុងបញ្ចប់ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើអោយអ្នកធុរកិច្ចទាំងអស់ ពិចារណាប្រើប្រាស់ឱកាសនេះ ដើម្បីស្រូបផលប្រយោជន៍ពីគោលនយោបាយ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» របស់ប្រទេសចិន និងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាកម្ម ២០១៥-២០២៥ របស់ប្រទេសកម្ពុជា ឲ្យក្លាយទៅជាគម្រោងវិនិយោគឈ្នះ-ឈ្នះ នៅលើទឹកដីកម្ពុជា ដែលជាចំណែកមួយ យ៉ាងសំខាន់នៃ «ខ្សែក្រវ៉ាត់មួយ វិថីមួយ»៕