(ភ្នំពេញ)៖ ទីបំផុត ! របាយការណ៍ចុងក្រោយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា មានពលរដ្ឋប្រមាណ ៧,៨៧៣,១៩៤នាក់ ស្មើនឹង៨១.៤៧ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត នៅអំឡុងពេល៣ខែនេះ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់គ.ជ.ប ដែលបានថ្លែងប្រាប់ Fresh News នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ការចុះឈ្មោះបោះឆ្នោតថ្មី បានបិទបញ្ចប់ហើយ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញនេះ ដោយក្នុងនោះ គ.ជ.ប បានរកឃើញថា មានពលរដ្ឋខ្មែរប្រមាណជាង១លាននាក់ អវត្តមានក្នុងការចុះឈ្មោះលើកនេះ។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវក្តីរីករាយ និងអបអរសាទរផងដែរ ដែលមានប្រជាពលរដ្ឋខ្មែរជាច្រើនបាន ទៅចុះឈ្មោះបោះឆ្នោតបែបនេះ។
ទោះជាយ៉ាងណា គណបក្សសង្រ្គោះជាតិ មិនបានមើលឃើញដូចខាងគណបក្សកាន់អំណាចនោះឡើយ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំង បានបង្ហាញការសោកស្តាយ ដោយសារមានពលករខ្មែរនៅក្រៅប្រទេសជាង ១លាននាក់មិនបានចុះឈ្មោះបោះឆ្នោត។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្នុងចំណោមពលរដ្ឋខ្មែរជាង១៥លាននាក់ មានពលរដ្ឋតែ៩.៦លាននាក់ប៉ុណ្ណោះ ដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោត៕