(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់ដីធ្ លីដ៏រ៉ាំរ៉ៃជាង១០ឆ្នាំ ទៅតាមសំណូមពរ របស់ភាគី(ក) ព្រំ ផល និងភាគី(ខ) សុខ មុំ លើផ្ទៃដី២,៦ហិកតា ក្នុងស្រុកបាកាន ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា។
ក្នុងកិច្ចដោះស្រាយទំនាស់ដីធ្លីខាងលើនេះ ត្រូវបានធ្វើឡើងនៅសាលាឃុំតាលោ ដែលស្ថិតក្នុងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក ចេង ឡៃ អភិបាលរងខេត្ត អាជ្ញាធរស្រុក និងភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ម៉ៅ ធនិន បានថ្លែងទៅកាន់ភាគីដែលពាក់ព័ន្ធថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាល ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា តម្រូវឲ្យភាគីទាំងសងខាងបើកចិត្តឲ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានគ្នាទៅវិញទៅមក លោកនឹងធ្វើការដោះស្រាយជូន។
លោកថា «លុយយើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព ជីតាកូននិងចៅ គឺមានជារៀងរហូត»។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ចាប់តាំងពីលោកមកដឹកនាំយន្តការខេត្ត គឺលោកបានដោះស្រាយបញ្ចប់បញ្ហាទំនាស់ដីធ្លីបានជាង១២០ករណីមកហើយ ចំពោះបញ្ហាទំនាស់ដីធ្លី នាពេលនេះ គឺកើតមានជាង១០ឆ្នាំមកហើយ តាំងពីឆ្នាំ២០០២មកម្ល៉េះ រហូតឡើងទៅដល់សាលាឧទ្ធរណ៍ នៅតែមិនចប់ ដូច្នេះបើលោកអ៊ុ និងក្មួយៗនៅតែបន្ត គឺគ្មានអ្វីដែលនៅសេសសល់នោះទេ តែបើលោកអ៊ុ និងក្មួយៗយល់ព្រមតាមការសម្របសម្រួល និងស្រុះស្រួលគ្នាហើយនោះ លោកនឹងបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ ព្រមទាំងចាត់ឲ្យមន្ទីរជំនាញ រៀបចំប្លង់កម្មសិទ្ធិជូនឲ្យបានឆាប់រហ័ស។
សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត ក្រៅប្រព័ន្ធតុលាការ របស់ឯកឧត្តម ម៉ៅ ធនិន ខាងលើនេះ បានធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងពីតុលាការវិញ ដើម្បីបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ ដោយភាគី(ក) ព្រំ ផល ទទួលបានដី ១,៣ហិកតា ហើយភាគី(ខ) សុខ មុំ ទទួលបានដី ១,៣ហិកតា ដែលកូនឈ្មោះ ទូច ទិត្យ ជាអ្នកទទួល៕