(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងឲ្យដឹងថា ក្រសួង បាននិងកំពុងសិក្សាបង្កើតសេវាដឹកជញ្ជូនអ្នកដំណើរ និងទំនិញនៅក្នុងរាជធានីភ្នំពេញ ក៏ដូចពីតាមបណ្តាខេត្តជិតៗរាជធានីភ្នំពេញ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ ដែលកំពុងចោទជាបញ្ហាក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូច្នេះ ក្នុងពេលរូបអញ្ជើញបើកសម្ពោធដាក់ឲ្យ ដំណើរការម៉ាស៊ីនត្រួតពិនិត្យ បច្ចេកទេសយានយន្តចល័ត នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា ប្រទេសកម្ពុជា មានទន្លេប្រទាក់ក្រឡាគ្នាច្រើន ដែលជាអំណោយផលមួយ ជួយសម្រួលសម្រាប់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋតាមផ្លូវទឹក ដើម្បីកាត់បន្ថយការធ្វើដំណើរ តាមផ្លូវគោកនាំឲ្យ មានការកកស្ទះចរាចរណ៍។
លោកទេសរដ្ឋមន្រ្តី បានថ្លែងដូច្នេះ «ប្រទេសយើងនេះសម្បូរណាស់ទន្លេយើង ទន្លេមេគង្គ ទន្លេសាប បាសាក់ សេសាន ស្រែពក ។ល។ យើងមានច្រើន ក៏ប៉ុន្តែយើងមិនបានប្រើប្រាស់ឲ្យអស់លទ្ធភាពយើងទេ។ ជាពិសេសនៅភ្នំពេញយើង មានការកកស្ទះចរាចរណ៍ ដូច្នេះបើយើងមានទូក មានកាណូតដឹកអ្នកដំណើរ ដូចអ្នកព្រែកព្នៅ អ្នកតាខ្មៅគាត់ចង់មកធ្វើការនៅភ្នំពេញ យើងមិនបាច់ធ្វើដំណើរតាមផ្លូវគោកទេ យើងអាចធ្វើដំណើរតាមផ្លូវទឹកបាន។ យើងកំពុងសិក្សាថា ធ្វើបានឬអត់?»។
បើតាមលោក ស៊ុន ចាន់ថុល សេវាដឹកអ្នកដំណើរតាមផ្លូវទឹកនេះ មិនត្រឹមតែដឹកមនុស្សនោះទេ គឺអាចដឹកទំនិញផងដែរ។ លោក ស៊ុន ចាន់ថុល ក៏បានឲ្យដឹងទៀតថា ពេលនេះកំពុងផែស្វយ័តភ្នំពេញ កំពុងសិក្សារៀបចំការដឹកជញ្ជូនពីព្រែកព្នៅ មកភ្នំពេញ និង ឆ្ពោះទៅដល់ក្រុងតាខ្មៅ។
លោកទេសរដ្ឋមន្រ្តីថា ក្រសួងនឹងប្រឹងប្រែងជំរុញឲ្យសេវាដឹកជញ្ជូនតាមផ្លូវទឹកនេះ ឲ្យបានរាជចម្រើន។
បើតាមលោក ស៊ុន ចាន់ថុល ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍៍នៅរាជធានីភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការចៃការបស់ជប៉ុន ក៏បានសិក្សាពីការរៀបចំ ឲ្យមានផ្លូវរថភ្លើងនៅលើអាកាស ទៅកាន់ព្រលានយន្តហោះ និងទៅកាន់តំបន់សេដ្ឋកិច្ចពិសេសផងដែរ៕