(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានទទូចឲ្យប្រជានេសាទក្នុងខេត្ត ត្រូវចុះរុះរើឧបករណ៍នេសាទខុសច្បាប់ដោយខ្លួនឯង ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែធ្នូនេះតទៅ និងបានជំរុញឱ្យកម្លាំងជំនាញជលផល និងព្រៃឈើ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចាត់វិធានការណ៍ទប់ស្កាត់បទល្មើសនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តប្រចាំខែ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្ត ដែលមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត អភិបាលស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ និងមន្ត្រីជំនាញជលផល ព្រៃឈើ និងបរិស្ថាន។
លោកអភិបាលខេត្ត បានបញ្ជាក់ប្រាប់ដល់ឝណៈបញ្ជាការឯកភាពស្រុក ព្រមទាំងមន្ត្រីជលផល និងព្រៃឈើ ធ្វើការផ្សព្វផ្សាយទៅដល់ប្រជានេសាទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យចុះរុះរើឧបករណ៍នេសាទខុសច្បាប់ដោយខ្លួនឯង ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នេះតទៅ។
ក្រោយរយៈពេល៣ថ្ងៃនេះហើយ កម្លាំងសមត្ថកិច្ចក្នុងខេត្តពោធិ៍សាត់ទាំងអស់ ត្រូវចេញប្រតិបត្តិការជាទ្រង់ទ្រាយធំ ដើម្បីចុះរុះរើឧបករណ៍នេសាទខុសច្បាប់ទាំងនោះ តែមិនត្រូវប្រព្រឹត្តសកម្មភាពមិនគប្បីទៅលើប្រជានេសាទឡើយ គឺត្រូវរកឱ្យឃើញជនល្មើសពិតប្រាកដ ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។
លោក ម៉ៅ ធនិន បានក្រើនរំលឹកថា «ពេលនេះគឺជាពេលវេលាមួយ ដែលយើងត្រូវតែរឹតបន្ដឹង និងមានវិធានការណ៍ប្រើប្រាស់កម្លាំងសរុប និងវិធានការសរុប ក្នុងការបង្រ្កាបទប់ស្កាត់រាល់បទល្មើសព្រៃឈើ និងជលផល ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន។ កាលណាកម្លាំងសមត្ថកិច្ចមិនអនុវត្តន៍ និងចាត់វិធានការឱ្យបានព្រមៗគ្នាទេនោះ ទាំងធនធានជលផល និងធនធានព្រៃឈើ ពិតជាបាត់បង់ដោយសារជនឆ្លៀតឱកាស និងមន្ត្រីខិលខូចមួយចំនួន ជាក់ជាមិនខាន»។
លោកបន្តថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវមានគោលការណ៍ជាក់លាក់ ដើម្បីចាត់វិធានការណ៍ជាបន្ទាន់ ដល់មន្ត្រីណាដែលប្រព្រឹត្តល្មើសច្បាប់ ព្រោះគ្រប់ជំនាញទាំងអស់ គឺស្ថិតនៅថ្នាក់ក្រោមជាតិ ដែលមានរដ្ឋបាលខេត្ត ជាអ្នកគ្រប់គ្រងផ្ទាល់ មានសិទ្ធិគ្រប់គ្រាន់ ក្នុងការដំឡើងតួនាទី ចំពោះមន្ត្រីដែលមានស្នាដៃ និងដកតួនាទីមន្ត្រីអសមត្ថភាពវិញ។
លោកអភិបាលខេត្តបានទទួលស្គាល់ថា កន្លងមកនេះ ទោះបីគ្រប់គណៈបញ្ជាការឯកភាពទាំងថ្នាក់ខេត្ត ស្រុក-ក្រុង និងមន្ត្រីជំនាញ បានអនុវត្តរួចមកហើយក៏ដោយ ឃើញថាបទល្មើសព្រៃឈើ និងជលផល នៅតែកើតមានលើផ្ទៃបឹងទន្លេសាប និងតំបន់ជួរភ្នំក្រវាញ ព្រោះខេត្តពោធិ៍សាត់ សម្បូរត្រី និងព្រៃឈើជាងខេត្តផ្សេងៗ ជាចំណុចគោលដៅសម្រាប់ជនល្មើស ចូលមកបំផ្លិតបំផ្លាញព្រៃឈើ និងជលផល។
លោក ម៉ៅ ធនិន ក៏បានដាក់ចេញនូវគោលការណ៍ និងផែនការជាក់លាក់មួយ ដែលមានលោក ខូយ រីដា អភិបាលរងខេត្ត និងលោក ពេជ ហន អភិបាលរងខេត្ត ដឹកនាំក្រុមការងារជំនាញ និងគណៈបញ្ជាការឯកភាពស្រុក ដែលមានការពាក់ព័ន្ធ ចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ទៅដល់ព្រំប្រទល់ខេត្តបាត់ដំបង៕