(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា នៅឆ្នាំក្រោយនេះរាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតបណ្ណបើកបរមានសញ្ញាវែនតា សម្រាប់អ្នកម្ញោបភ្នែក ហើយបើអ្នកម្ងោបភ្នែកទាំងឡាយដែលមានបណ្ណនេះ បើកបរតាមដងផ្លូវដោយមិនពាក់វែនតា គឺជាការល្មើសច្បាប់។
ការអះអាងរបស់ លោក ស៊ុន ចាន់ថុល បានធ្វើឡើង ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តជាផ្លូវការ នៅមជ្ឈមណ្ឌលពិព័រណ៍ម៉ុងឌីយ៉ាល់ ដែលស្ថិតនៅតាមបណ្តោយ ផ្លូវម៉ៅសេងទុង ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា «បើយើងត្រូវពាក់វែនតា លើបណ្ណបើកបរនេះមានរូបវែនតា ដូច្នេះពេលប៉ូលិសចរាចរចាប់យើង យកបណ្ណបើកបរយើងមើល គាត់ឃើញរូបវែនតានៅលើបណ្ណបើកបរ ហើយបើកភ្នែកជាក់ស្តែងអត់ពាក់វែនតា ឬពាក់លែន គឺខុសច្បាប់ហើយ»។
នៅដើមឆ្នាំក្រោយនេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏នឹងរៀបចំឱ្យមានការស្នើសុំបណ្ណបើកបរតាមប្រព័ន្ធអនឡាញផងដែរ។ បណ្ណបើកបរតាមប្រព័ន្ធអនឡាញ មានលក្ខណៈល្អប្រសើរ ដែលចំណេញពេលវេលា និងកាត់បន្ថយការរត់ការ៕