(ភ្នំពេញ)៖ ផលិតករភាពយន្តខ្នាតធំ រឿង«កំពូលល្ងង់នៅអាស៊ី» បានសម្ដែងក្ដីរំពឹងយ៉ាងមុតមាំថា បន្ទាប់ពីរឿងនេះ ចេញជាវីដេអូ Trailer និងដាក់បញ្ចាំងតាម​បណ្ដារោងភាពយន្ត​ទំនើប​នានា នឹងមានអ្នកទស្សនា ប្រមាណ២លាននាក់ ដែលជាចំនួនមួយដ៏ច្រើនលើសលប់ ក្នុងទីផ្សារភាពយន្ត នៃប្រទេសកម្ពុជា ខណៈដែលវីដេអូបទចម្រៀង «លក់ថ្នាំ» ដែលបកស្រាយ ដោយលោក​ពែកមី និងនាយគ្រឿន សម្រាប់ប្រើក្នុងសាច់រឿងនេះ ចេញផ្សាយលើប្រព័ន្ធ អ៉ីនធ័រណិត និងបណ្ដាញសង្គមភ្លាម គឺមានអ្នកចូលទស្សនា ​រហូតដល់ទៅជាង១លាន រួចទៅហើយ​។

ការបង្ហាញក្ដីរំពឹង ពីចំនួនអ្នកទស្សនា ដ៏ច្រើនខុសប្លែកពីផលិតករ រឿងដទៃនៅពេលនេះ គឺបន្ទាប់ពីភាពយន្តខ្នាតធំ រឿង «កំពូលល្ងង់នៅអាស៊ី» បានបង្ហាញជាវីដេអូ Trailer មានឈុតឆាកខ្លីៗ គួរជាទីទាក់ទាញ ដែលជាការសម្ដែងរបស់​តារាកំប្លែងដ៏ល្បី គឺនាយពែកមី,នាយគ្រឿន និងតារាល្បីៗជាច្រើនដួងទៀត ដែលនឹងត្រូវដាក់បញ្ចាំង ជាផ្លូវការ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។

​លោក ឡេង ណាវ៉ាត្រា ចាងហ្វាងផលិតកម្ម Galaxy បានថ្លែង​ឲ្យដឹងថា រឿងដំបូងរបស់ខ្លួន នឹងមានការរំពឹងថា អាចមានអ្នកចូលទស្សនាច្រើន ជាង២លាននាក់។ ​​លោកសំអាងថា ផ្អែកតាមវីដេអូ​បទចម្រៀង​«លក់ថ្នាំ» ដែលក្រុមហ៊ុនបានបង្ហោះ គឺមានអ្នកទស្សនា​ក្បែរនឹង ២លាននាក់ទៅហើយ ដែលជាចំនួនមួយមិនធ្លាប់មាន ទើបលោកមានការរំពឹងថា Trailer រឿង​ «កំពូលល្ងង់នៅអាស៊ី» ដែលទើបបង្ហោះឡើង ​ពិតជាមានចំនួនអ្នកទស្សនាច្រើន ជាង២លាននាក់ មិនខុសពីការរំពឹងដែរ ដោយសារតែរឿងមួយនេះ គឺជារឿងដែលទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់ ​តាំងពីមិនទាន់ថតចប់។ ​

​សូមបញ្ជាក់ថា រឿង «កំពូលល្ងង់នៅអាស៊ី» ចូលរួមសម្ដែងដោយ នាយពែកមី, នាយគ្រឿន នាយកណ្ដុរ, លោក ម៉ារ៉ា ប៊ុណ្ណា, កញ្ញា រីយ៉ា និងតារាប្រុសស្រីល្បី​ឈ្មោះជាច្រើនដួងទៀត៕​