(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍ របស់ពលករ-ពលការិនីខ្មែរ ចំនួន៣នាក់ ឲ្យត្រលប់មកកម្ពុជាវិញ ព្រមៗគ្នា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ។
ពលករទាំង៣រូប ត្រូវបានអង្គការចាប់ដៃនៅកម្ពុជា ឧបត្ថម្ភសំបុត្រយន្តហោះជូន ហើយនឹងមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាវេលាម៉ោង៤៖០០ រសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ តាមជើងយន្តហោះ AK534។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញ ផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ។ អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគដល់អ្នកទាំង៣ផងដែរ។
គួរបញ្ជាក់ថា ពលការិនីទី១ ឈ្មោះ ស.ផ.ល អាយុ២៩ឆ្នាំ មកពីខេត្តកំពង់ធំ បានទៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ នៅថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៦ ដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ និងធ្វើការជាអ្នកបោសសំអាត។ ដោយធ្វើការលំបាក នាងបានស្នើស្ថានទូតនៅថ្ងៃទី២៨ ខែតុលា ជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។
ចំណែក ពលការិនីទី២ឈ្មោះ ឡ.គ.យ អាយុ៤១ឆ្នាំ មកពីខេត្តត្បូងឃ្មុំ បានទៅម៉ាឡេស៊ី តាមរយៈមេខ្យល់ នៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៦ ហើយបានធ្វើការនៅរោងចក្រអារឈើ។ ដោយធ្វើការលំបាក ពលការិនីបានទៅស្ថានទូត នៅថ្ងៃទី២១ ខែវិច្ឆិកា ស្នើសុំស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។
រីឯពលករទី៣ឈ្មោះ អ.ស.រ អាយុ១៤ឆ្នាំ ជាកូនប្រុសរបស់ពលការិនីឡ.គ.យ បានទៅម៉ាឡេស៊ីជាមួយម្តាយ នៅថ្ងៃ ទី២៥ កញ្ញា ឆ្នាំ២០១៦៕