(កំពង់ស្ពឺ)៖ កងអនុសេនាធំទ័ពពិសេសចំនួន៣ នៃកងពលតូចថ្មើជើងលេខ៧០ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ បានបញ្ចប់ការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ប្រឆាំងភេរវកម្ម លើកទី៤ ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ឯម សារី នាយករងសេនាធិការកងពលតូចលេខ៧០។
សិក្ខាកាម២៦០នាក់ ក្នុងនោះនារី៣៥នាក់ បានចូលរួមហ្វឹកហ្វឺនបាញ់គ្រាប់ពិតរយៈពេល៤ថ្ងៃ ពោលគឺពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ ដែលជាការហ្វឹកហ្វឺនលើកទី៤ នៅសាលាហ្វឹកហ្វឺនម្រះព្រៅ។
សូមជម្រាបថាសិក្ខាកាមសរុបចំនួន ២៦០នាក់ មកពីបណ្តាកងអនុសេនាធំទ័ពពិសេសទី១ ទី២ និងទី៣ ដែលការហ្វឹកហ្វឺន អំពីការបាញ់គ្រាប់ពិត ដើម្បីបង្កើនសមត្ថភាពបន្ថែមនូវ ការបាញ់របស់ទ័ពពិសេសប្រឆាំងភេរវកម្ម ក្នុងការបំពេញភារៈកិច្ច ការពារប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ រដ្ឋាភិបាល រាជធានីភ្នំពេញ និងមាតុភូមិកម្ពុជាទាំងមូល។ ពេលចូលបាញ់មួយលើកៗ មានគ្នា៨នាក់ ក្នុងម្នាក់ៗអាចបាញ់បាន២៧គ្រាប់ ដោយមានការហ្វឹកហ្វឺនពីរបៀបបាញ់ ៣ដំណាក់កាលគឺ ដំណាក់កាលទី១ ដេកបាញ់រយៈចម្ងាយ៧០ម៉ែត្រ បាញ់៣គ្រាប់, ដំណាក់កាលទី២ លុតជង្គង់បាញ់មានរយៈចម្ងាយ៦០ម៉ែត្រ បាញ់១២គ្រាប់ និងដំណាក់កាលទី៣ ឈរបាញ់មានរយៈចម្ងាយ៥០ម៉ែត្រ បាញ់២គ្រាប់ ប្រើប្រាស់អាវុធប្រភេទAK47៕