(ព្រៃវែង)៖ លោក អ៉ី សុខឃី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តស្វាយរៀង និងក្រុមការងារ បាននាំយកមូលនិធិសម្តេចក្រឡាហោម ស ខេង បាននាំយកថវិកាចំនួន ៧.៤លានរៀល ទៅចែកជូនប្រជាពលរដ្ឋចំនួន៣៧គ្រួសារ និងមន្រ្តីមូលដ្ឋានជាច្រើននាក់ទៀត។

សកម្មភាពសម្បុរសធម៌នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ដែលបានចែកជូនគ្រួសារស្រ្តីសម្រាលកូនចំនួន២៧គ្រួសារ និងពលរដ្ឋដែលមានសមាជិកបានទទួលមរណភាពចំនួន១០គ្រួសារ។

ក្រៅពីចែកបានជូនថវិកា និងអំណោយជូនប្រជាពលរដ្ឋហើយ លោក អ៉ី សុខឃី ក៏បានឧបត្តម្ភថវិកាដល់អ្នកចូលរួមមួយចំនួនទៀត មានប្រធានភូមិចំនួន២១នាក់ ក្នុងម្នាក់ទទួលបានថវិកា១ម៉ឺនរៀល, ក្រុមប្រឹក្សាបក្សឃុំ នគរបាលប៉ុស្ដិ៍ យុវជនឃុំ នាយកសាលា បុគ្គលិកសុខាភិបាលមណ្ឌលសុខភាពចំនួន ១០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល និងអ្នកសង្កេតការណ៍ ៤នាក់ ក្នុងម្នាក់ទទួលបានថវិកា២០ម៉ឺនរៀល។

លោក អ៉ី សុខឃី ក៏បានបើកកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារតាមភូមិ, ពិនិត្យបូកសរុបលទ្ធផលការចុះឈ្មោបោះឆ្នោត, ផ្តល់មូលនិធិសម្តេចក្រឡាហោម ស ខេង និងពិនិត្យទីតាំងបើកការដ្ឋានសាងសង់សាលាផងដែរ៕