(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តឆ្ពោះទៅរកការសម្រេចបាននូវគោលដៅបញ្ឈប់ការចម្លងមេរោគអេដស៍ នៅត្រឹមឆ្នាំ២០២៥។
ការលើកឡើងរបស់ លោកស្រីឧបនាយករដ្ឋមន្ត្រី ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាពិភពលោកប្រយុទ្ធ នឹងជម្ងឺអេដស៍១ធ្នូ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅបញ្ឈប់ការចម្លងមេរោគអេដស៍ឆ្នាំ២០២៥ ក្រោមពាក្យស្លោកថា «ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍» ដែលធ្វើឡើងនៅសាលសន្និសីទចតុមុខ។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា «របៀបវារៈការប្រយុទ្ធនឹងជម្ងឺអេដស៍ ឈានទៅសម្រេចបានគោលដៅបញ្ឈប់ការចម្លងមេរោគអេដស៍ឆ្នាំ២០២៥ មិនជាការងាយស្រួលនោះទេ ពិសេសក្នុងបរិបទថ្មីមួយ ក្នុងនោះ យើងត្រូវបង្កើនការយកចិត្តទុកដាក់ដោយធានាទាំងប្រសិទ្ធភាពប្រសិទ្ធិផល និងចីរភាព»។
លោកស្រីឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា ចុងក្រោយយើងត្រូវប្តេជ្ញាចិត្តយ៉ាងមោះមុតរួមគ្នា និងជម្នះឲ្យបានរាល់ឧបសគ្គនានា ដែលរារាំងដល់ការធ្វើអន្តរាគមន៍ របស់យើង ពិសេសលើការពង្រឹងយន្តការ នៃការគ្រប់គ្រងធនធា្រនមនុស្ស ការចលនាធនធានក្នុងស្រុក ការប្រើប្រាស់បច្ចេកវិទ្យា និងយុទ្ធវិធីថ្មីៗ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្នាក់ជាតិ និងថា្នក់ក្រោមជាតិ។
មន្ត្រីជាន់ខ្ពស់់រដ្ឋាភិបាលកម្ពុជារូបនេះ ប្រកាសថា ក្នុងនាមជាសមាជិក នៃអង្គការសហប្រជាជាតិ កម្ពុជាបានចូលរួមរៀបចំ និងសម្រេចជាមួយអង្គការសហប្រជាជាតិ នៅមហាសន្និបាតវិសាមញ្ញសហប្រជាជាតិ ស្តីពីជំងឺអេដស៍ឆ្នាំ២០១៦នាបុរីញូយ៉ក ក្នុងការដាក់ចេញនូវ សេចក្តីថ្លែងការណ៍ថ្មីស្តីពីការសម្រេចចិត្ត ជានយោបាយក្នុងការឈានទៅលប់បំបាត់ជំងឺអេដស៍នៅត្រឹមឆ្នាំ២០៣០។
ដូចនេះយុទ្ធនាការប្រយុទ្ធនឹងជម្ងឺអេដស៍ នូវតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ដូចចែងក្នុងផែនការយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពជា៕