(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេមួយនៅកម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណ ៤.៩ពាន់លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងគូសបញ្ជាក់ដូច្នេះនៅក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន ក្រោមប្រធានបទ «កម្ពុជា៖ ព្រះរាជាណាចក្រ នៃកាលានុវត្តភាព ខ្សែក្រវាត់មួយផ្លូវមួយ» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី ក្នុងតំបន់អភិវឌ្ឍន៍របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ។
ក្នុងវេទិកាដែលមានការចូលរួមពីធុរកិច្ចជនល្បីៗរបស់ចិន និងកម្ពុជាជាច្រើនរូបនោះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងចំណោមទំហំវិនិយោគ ៤.៩ពាន់លានដុល្លារនេះ ចិនបានវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៦០លានដុល្លារអាមេរិក។ សម្តេចតេជោ បានឲ្យដឹងទៀតថា នៅឆ្នាំ២០១៥ កម្ពុជា-ចិន សម្រេចបានទំហំពាណិជ្ជកម្មចំនួន ៤.៣ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៥.១៩ភាគរយ បើធៀបទៅនិងឆ្នាំ២០១៤ ដែលសម្រេចបានត្រឹមចំនួន ៣.៨ពាន់លានដុល្លារអាមេរិក។
បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងទំហំពាណិជ្ជកម្មនេះ កម្ពុជានាំចូលទៅចិន ៤០៥លានដុល្លារអាមេរិក ខណៈការនាំចូលពីចិន មានចំនួន ៣.៩ពាន់លានដុល្លារអាមេរិក។ សម្តេចនាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានឲ្យដឹងផងដែរថា គិតត្រឹមខែតុលា ឆ្នាំ២០១៦ គម្រោងវិនិយោគចិន មានចំនួន ៨៤គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ៧១៦លានដុល្លារអាមេរិក ស្មើនិង ២៤,៦៩ភាគរយ នៃទុនវិនិយោគសរុប។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជា មិនអាចកាត់ផ្តាច់ពីការវិនិយោគរបស់ចិននោះឡើយ ខណៈបច្ចុប្បន្នប្រទេសចិន បានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ទី១ ដែលមានទុនវិនិយោគច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជា និងចិន បាននិងកំពុងដាក់ចេញទិសដៅសម្រេចទំហំពាណិជ្ជកម្មឲ្យបានដល់ ៥ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៧ខាងមុខ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖