(ភ្នំពេញ)៖ ក្រុមចោរចំនួន៥នាក់ ពេលកំពុងធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីចូលទៅលួចទ្រព្យសម្បត្តិនោះ ត្រូវបាននគរបាលប្រទះឃើញ និងដេញចាប់បាន៣នាក់ខណៈ២នាក់ទៀត បានរត់គេចខ្លួនបាត់។
អំពើចោរកម្មមួយនេះ បានកើតឡើងនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវចាប់ខ្លួនរួមមាន៖ ទី១- ឈ្មោះ ចាន់ វាសនា អាយុ២៨ឆ្នាំ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ មានស្រុកកំណើត នៅស្រុកកំចាយមាស ខេត្តព្រៃវែង ទី២- ឈ្មោះ វ៉ា សុខនី អាយុ១៩ឆ្នាំ ស្នាក់នៅជាមួយគ្នា និងទី៣- ឈ្មោះ ទី កក្កដា អាយុ១៨ឆ្នាំ ស្នាក់នៅជាមួយគ្នា។
ពេលបង្ក្រាប និងចាប់ខ្លួនពួកគេនោះ កម្លាំងនគរបាលបានរកឃើញឧបករណ៍សម្រាប់គាស់ផ្ទះដូចជា ដែកគាស់តូចៗ ទួណឺវិសចំនួន៣ កូនសោមួយចំនួន ដែកកាប់អូតូម៉ាទិច១ បង់កាំភ្លើង១ និងអត្តសញ្ញាណប័ណ្ណចំនួ៩សន្លឹក ដែលពួកគេលួចយកបាននាពេលកន្លងមក។
សូមបញ្ជាក់ថា ពេលកម្លាំងនគរបាលកំពុងតែចាប់ខ្លួនពួកគេនោះ ស្រាប់តែត្រូវបានប្រជាពលរដ្ឋនាំគ្នា វាយមួយដៃមួយជើងម្នាក់ឡើងទ្រោមខ្លួនផង៕