(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងវិស័យជនពិការភាពសំដៅជួយដល់ជនពិការ និងក្រុមគ្រួសារ ឲ្យទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈស្មើគ្នា ការចូលរួមគ្រប់សកម្មភាពក្នុងសង្គម ទាំងការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោត។
នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ ផ្ញើជូនជនរួមជាតិអបអរសាទរ ក្នុងឱកាសទិវាជនពិការកម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរជាតិ លើកទី៣៤ ដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦។
សម្តេចតេជោ បានបន្តថា ជនពិការក៏បានទទួលការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមតាំងការគិតគូរដាក់បញ្ជូល បញ្ហាពិការភាព ក្នុងគ្រប់វិស័យ តាមរយៈការកែសម្រូល និងរៀបចំលិខិតបទដ្ឋានគតិយុត្ត ការចុះផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាព នៅគ្រប់ស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ ដោយចីរភាពសម្រាប់ជន មានពិការភាព គ្រប់រូបនៅកម្ពុជា។
សារលិខិតសម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា «ការប្រារព្ធទិវានេះ គឺជាការបង្ហាញអំពីឆន្ទៈ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ សេរីភាព និងសុខុមាលភាព ជនពិការ ហើយជាការអំពាវនាវដល់ បងប្អូនជនរួមជាតិយើងទាំងអស់សូមជួយ ផ្តល់ការគាំទ្រ ដោយគ្មានការរើសអើង ចំពោះជនពិការដែលជាធនធាន មិនអាចមើលរំលងបាន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ»៕