(ភ្នំពេញ)៖ ស្របពេលដែលភាពយន្តភាគ កំពុងតែមានទីផ្សារ ជាពិសេសការដាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍នានា ក្នុងម៉ោងមាស បានធ្វើឲ្យផលិតកម្មថ្មីមួយទៀត មានឈ្មោះថា ផលិតកម្ម «សាស្រ្តា ឬ Sastra Film » បានបោះទុនជាលើកដំបូង ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ បាយ័ន មានចំណងជើងថា «ទឹកភ្នែកកក» ដែលជាការដឹកនាំសម្ដែង ដោយអតីតអ្នកនិពន្ធល្បីឈ្មោះ ប្រចាំក្នុងផលិតកម្ម សាន់ដេ គឺអ្នកនាង ប៊ុន ចាន់និមល។
ពិធីក្រុងពាលីថតរឿងថ្មី ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ដោយមានការចូលរួម ពីសំណាក់តារាសម្ដែងល្បីៗ ប្រុសស្រី ជាច្រើនដួង។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសពិធីក្រុងពាលី អ្នកនាង ប៊ុន ចាន់និមល បានឲ្យដឹងថា ភាពយន្តភាគរឿង «ទឹកភ្នែកកក» ជាភាពយន្តបែបមនោសញ្ចេតនា កំសត់ ស្ដែងពីជីវិតតស៊ូ និងជារឿងដំបូងសម្រាប់ផលិតកម្ម «Sastra Film» ដោយតួសម្ដែងនីមួយៗ បានឆ្លងកាត់ការធ្វើតេស្ត យ៉ាងល្អិតល្អន់ តាំងពីការស្លៀកពាក់ ការនិយាយស្ដី ជាពិសេសការប្រើសំឡេងក្នុងរឿង ដើម្បីឲ្យភាពយន្តមួយនេះ មានលក្ខណៈល្អប្រសើរឡើង ទោះបីជារឿងទី១របស់ផលិតកម្មក្ដី។
អ្នកនិពន្ធដែលមានស្នាដៃរាប់មិនអស់ ក្នុងបទចម្រៀងល្បីៗរបស់ផលិតកម្មសាន់ដេ រូបនេះ និយាយថា បន្ទាប់ពីយល់ថា ភាពយន្តសម្រាប់ម៉ោងមាស នៅលើកញ្ចក់ទូរទស្សន៍មាន តម្រូវការខ្ពស់ ទើបនាងសម្រេចចិត្តបោះទុន ផលិតរឿងភាគនេះឡើង ខណៈដែលកន្លងមកនាង មិនត្រឹមតែមានស្នាដៃ ក្នុងការនិពន្ធទំនុកច្រៀងប៉ុណ្ណោះទេ គឺការដឹកនាំសម្ដែង ការរៀបចំប្លង់សម្ដែង ក៏អ្នកនាងមានជំនាញ ហើយបានរំលេចស្នាដៃថតស្ពត និងផលិតរឿងខ្លីជាច្រើន។ រឿង «ទឹកភ្នែកកក» ជាស្នាដៃនិពន្ធថ្មី សុទ្ធសាធ ខណៈតួសម្ដែងត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់ បំផុត ហើយអ្នកស្នេហាវិស័យភាពយន្តខ្មែរ នឹងទទួលបានរសជាតិថ្មីពីភាពយន្តនេះ។
យ៉ាងណាមិញអ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែង អ្នកនាង ប៊ុន ចាន់និមល បានសម្ដែងក្ដីរំពឹងថា ភាពយន្តបែកកំសត់ តាំងពីដើមរហូតដល់ចប់ រឿង «ទឹកភ្នែកកក» នឹងទទួលបានការគាំទ្រច្រើន នៅពេលដាក់បញ្ចាំង និងជាក្ដីរំពឹងថ្មីមួយ សម្រាប់ផលិតកម្ម «សាស្រ្តា ឬ Sastra Film» ជ្រៀតចូលក្នុងទីផ្សារភាពយន្ត ព្រោះភាពយន្តនេះ ត្រូវបានសម្រិតសម្រាំងឡើងយ៉ាងពិសេស មានការផ្ចិតផ្ចង់ ផ្ដោតសំខាន់ទៅលើគុណភាព ជាចំបង៕