(ភ្នំពេញ)៖ សៀវភៅថ្មីដែលរៀបរាប់ពីជីវិត និងការងារនយោបាយរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងព្រឹត្តិការណ៍នយោបាយប្រទាក់ក្រឡាគ្នាចុងក្រោយ ត្រូវបានអ្នកសារព័ត៌មានជើងចាស់មួយរូបចេញផ្សាយនៅថ្ងៃទី២ធ្នូស្អែកនេះ សម្រាប់មិត្ត អ្នកអានរបស់លោក ដែលនិយមតាមដានព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្រ្តនៅកម្ពុជា និងបរទេសពាក់ព័ន្ធ។
សៀវភៅដែលមានចំណងជើងថា «កឹម សុខា - ជីវិតក្នុងនយោបាយព្យុះភ្លៀង - កម្សួលចុងក្រោយនៃបដិវត្តន៍ពណ៌» ត្រូវបានលោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់បានចងក្រង និងបោះពុម្ព ហើយចេញផ្សាយនៅថ្ងៃរៀបចំពិព័រណ៍សៀវភៅកម្ពុជាឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ២០១៦ នៅឯបណ្ណាល័យជាតិកម្ពុជា ។
លោក ឆាយ សុផល បាននិយាយថា «ខ្ញុំគិតថាសៀវភៅដែលមានកម្រាស់ជាង៣០០ទំព័រនេះ ពិតជាមានខ្លឹមសារមិនគ្រប់គ្រាន់ដូចការចង់បានរបស់អ្នកទាក់ទិននោះទេ ប៉ុន្តែយ៉ាងហោចណាស់ វាបានបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗ ដើម្បីជាការរម្លឹកដល់អ្នកពាក់ព័ន្ធទាំងឡាយ នៅក្នុងប្រវត្តិសាស្រ្តកម្ពុជាកន្លងមក។ ប្រសិនបើខ្ញុំមិនចងក្រងទុកទេនោះឯកសារជាច្រើន នៅរាយប៉ាយឬក៏ព្រឹត្តិការណ៍ខ្លះត្រូវបានគេភ្លេចនៅពេលក្រោយ»។
លោក សុផល បានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មានអាជីព និងជាសាស្រ្តាចារ្យព័ត៌មាន ដែលតាមដានព័ត៌មានប្រចាំថ្ងៃជាមួយសហការី គឺលោកបានព្យាយាមកត់ត្រានូវអ្វីៗដែលទាក់ទិននឹងលោក កឹម សុខា និងព្រឹត្តិការណ៍ប្រចាំថ្ងៃហើយថា «ក្នុងនាមជាអ្នកព័ត៌មានអាជីព ខ្ញុំព្យាយាមកត់ត្រានូវអ្វីដែលជាទីចាប់អារម្មណ៍ ហើយខ្ញុំជឿថា កំណត់ត្រានេះគឺជាឯកសារ ជំនួយស្មារតីមួយសម្រាប់មិត្តអ្នកអាន អ្នកនយោបាយ អ្នកបម្រើនយោបាយ អ្នកសិក្សាវិទ្យាសាស្រ្តនយោបាយ និងអ្នកស្រាវជ្រាវនយោបាយ ក៏ដូចជាអ្នកសារព័ត៌មានផងដែរ»។
លោកបន្តថា «ជាការពិតកំណត់ត្រានៅក្នុងសៀវភៅនេះ ខ្ញុំគ្រាន់តែចង់ប្រាប់មិត្តអ្នកអានទាំងនៅជំនាន់នេះ និងនៅជំនាន់ក្រោយៗឲ្យបានដឹងពីហេតុការណ៍កើតឡើងដែលពាក់ព័ន្ធគ្នា ដូចសម្លកំពឹស ហើយត្រូវចាត់ទុកជាមេរៀននៃជីវិត ពិសេសនៅពេលខ្លួនបានក្លាយជាបុគ្គលល្បីឈ្មោះ ជាអ្នកនយោបាយ ជាឥស្សរជនកំពូល ឬជាអ្នកដឹកនាំប្រទេសជាដើម»។
សៀវភៅនេះមាននៅឯបណ្ណាគារធំៗ និងតូបកាសែតនៅក្នុងរាជធានីភ្នំពេញ ពិសេសនៅបណ្ណាគារ Monument Book ទាំងក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប និងក្នុងផ្សារទំនើបអ៊ីអន។ សៀវភៅនេះក៏អាចរកបាននៅឯពិព័រណ៍ សៀវភៅកម្ពុជាឆ្នាំ២០១៦ នៅឯបណ្ណាល័យជាតិកម្ពុជានាថ្ងៃទី២-៤ ធ្នូ ឆ្នាំ២០១៦ នេះដែរ។
គួរបញ្ជាក់ថា កន្លងមក លោក ឆាយ សុផល បានសរសេរសៀវភៅពីព្រះរាជជីវប្រវត្តិ សង្ខេបរបស់ព្រះមហាក្សត្រខ្មែរចំនួន៨អង្គ ដែលក្នុងនោះមានទាំងសម្តេច នរោត្តម សីហនុ និងព្រះមហាក្សត្រ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងពីប្រវត្តិសង្ខេប នាយករដ្ឋមន្រ្តីខ្មែរចំនួន៣៦រូប ដោយរួមទាំងប្រវត្តិសង្ខេបរបស់លោក សម រង្ស៊ី ផងដែរ៕