(កំពត)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណ:កម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ជាតំណាងលោករដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងថា មានតែសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទេ ដែលនាំឲ្យប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពថ្កុំថ្កើន រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ការថ្លែងបែបនេះ របស់លោក ជេព សោភ័ន ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងពិធី បើកវគ្គសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាព ក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម»។ ក្នុងពិធីនោះ ក៏មានការចូលរួមពី លោកអភិបាលរងខេត្តកំពត ខេត្តកែប និងលោក លោកស្រី ជាមន្ត្រីរាជការក្រោមឱវាទក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំង២ខេត្ត សរុបជាង២៧០នាក់។
លោក ពេជ សោភ័ន រដ្ឋលេខាធិការ ក៏បានសំនូមពរឲ្យជួរថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ធ្វើយ៉ាងណាត្រូវចូលជ្រៅ សុខទុក្ខជាមួយពួកគាត់ ហើយត្រូវមើលការលំបាករបស់ពួកគាត់ ចេះដោះស្រាយរាល់បញ្ហាទុក្ខលំបាកនានា នៅពេលពួកគាត់ជួបបញ្ហា។ លោកបញ្ជាក់ថា ចំពោះការពាក់ព័ន្ធជុំវិញកូដកម្ម បាតុកម្ម ថ្នាក់ដឹកនាំដែលពាក់ព័ន្ធ ត្រូវចេះរកគន្លឹះ សម្របសម្រួល ក្នុងការរកដំណោះស្រាយជូនកម្មករ ជៀសវាងតាមការញុះញង់របស់ជនខិលខូចមួយចំនួន៕