(កំពង់ស្ពឺ)៖ លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ ដោយមានចូលរួមពីលោកវិជ្ជបណ្ឌិត អោ ប៊ុន ថេនប្រធានមន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំការប្រារព្ធពិធីទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ០១ធ្នូ ២០១៦ឆ្នាំនេះ នៅក្នុងរោងចក្រស៊ីម៉ាណូ មានការចូលរួមពីមន្ទីរ អង្គភាពនានាជុំវិញខេត្តនិងកម្មករ- កម្មការិនី សរុបចំនួន១១៧៥ នាក់ ។
លោកវេជ្ជបណ្ឌិត អោ ប៊ុនថេន បានលើកឡើងថា ថ្ងៃនេះយើងបានជួបជុំគ្នាប្រារព្ធទិវាអេដស៍ ក្រោមប្រធានបទ «ឆ្ពោៈទៅសម្រេចបាន នូវគោលដៅបញ្ឈប់ ការចម្លងមេរោគអេដស៍ ឆ្នាំ២០២៥ និង(ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍)»។
លោកថា ជាក់ស្តែងអ្នកមេរោគអេដស៍ត្រូវបានបងប្អូនប្រជាពលរដ្ឋជាច្រើនបានយល់ ដែលនាំដល់ការកាត់បន្ថយចំនួនអ្នកឆ្លងមេរោគអេដស៍ មិនតែប៉ុណ្ណោះ ថែមទាំងបំបាត់ បាននូវការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ផងដែរនៅឆ្នាំចុងក្រោយនេះ។
លោក វីុ សំណាង បានលើកឡើងថា មេរោគអេដស៍ត្រូវបានយាយីមកលើពលរដ្ឋកម្ពុជាតាមរយះនៃឆ្លងពីមួយទៅមួយគួរឲ្យព្រួយបារម្មណ៏ ហើយបញ្ហាអេដស៍នេះផងដែរ បានធ្វើឲ្យពលរដ្ឋរងគ្រោះព្រាត់ប្រាស់ កំព្រា ម្តាយ ឪពុក កូន ដែលបានបន្សល់ទុក្ខលំបាកនេះមកដល់សព្វថ្ងៃ។
លោកអភិបាលបន្តថា បន្ទុកនេះត្រូវបានរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទាំងការបីបាច់ថែរក្សា អប់រំផ្សព្វផ្សាយរហូតពលរដ្ឋបានជ្រួតជ្រាប និងឈានទៅ សម្រេចបានគោលដៅ បញ្ឈប់ការឆ្លងអេដស៍ឆ្នាំ ២០២៥ខាងមុខ។
ក្នុងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បញ្ហាអ្នកជំងឺអេដស៍ ជាពិសេអប់រំជនដែលងាយរងគ្រោះ ដោយសារអេដស៍ជាប្រចាំ និងគ្រប់ទីកន្លែងយ៉ាងចាំបាច់។
ចុងបញ្ចប់នៃកម្មវិធី ក៏មានការប្រគល់ជូនអំណោយជាសំភារៈ និងថវិកាជូនដល់មជ្ឈមណ្ឌលបណ្តុះបណ្តាល និងថែទាំកុមារកំព្រាផងដែរ៕