(ភ្នំពេញ)៖ សាស្រ្តាចារ្យ គ្រូបង្រៀន និង និសិ្សតភាសាជប៉ុន នឹងរៀបចំកម្មវិធីបង្ហាញពីវប្បធម៌ និងភាសាជប៉ុន «នីហុងហ្កុ ខារ៉ាវ៉ាន» ដល់សិស្សានុសិស្ស នៅវិទ្យាល័យ១៥កន្លែង នៅទីក្រុង និងតាមបណ្តាខេត្តនៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចេញផ្សាយឲ្យដឹង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ។
កម្មវិធីនេះមានគោលបំណង ផ្តល់ឱកាសដល់យុវសិស្សកម្ពុជា ឲ្យទទួលបាននូវបទពិសោធន៍វប្បធម៌ និងភាសាជប៉ុន នៅស្រុកកំណើតពួកគេតែម្តង បន្ថែមពីលើនេះ យុវជនកម្ពុជា ដែលមិនអាចចូលរួមកម្មវិធីវប្បធម៌ជប៉ុន បានដោយ ងាយស្រួលនៅរាជធានី ក៏អាចយល់ដឹងពីប្រទេសជប៉ុន កាន់តែស៊ីជម្រៅ ដែលនឹងនាំឲ្យការពង្រឹងចំណងមិត្តភាព រវាងកម្ពុជា និងជប៉ុនកាន់តែរឹងមាំថែមទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា កម្មវិធីបង្ហាញពីវប្បធម៌ និងភាសាជប៉ុន «នីហុងហ្កុ ខារ៉ាវ៉ាន» នឹងរៀបចំសកម្មភាពនានាដូចជា សំនួរល្បងប្រាជ្ញា អំពីប្រទេសជប៉ុន សាកល្បងរៀនភាសាជប៉ុនស្លៀកសំលៀកបំពាក់ ប្រពៃណីជប៉ុន បត់ក្រដាស់អូរីហ្គាមិ និងចែករំលែកបទពិសោធការសិក្សា នៅប្រទេសជប៉ុន ជាមួយសិស្សានុសិស្ស។
គួរបញ្ជាក់ថា កម្មវិធីនេះសហការរៀបចំដោយ ដេប៉ាតឹម៉ងភាសាជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំច្បាប់ជប៉ុនណាហ្គុយ៉ា និងកម្មវិធីសិក្សាភាសាជប៉ុនអង្គការ JICA នៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យមេគង្គកម្ពុជា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន៕