(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងមួយសប្តាហ៍ជើងហោះហើរត្រង់ពីប្រទេសចិន ឆ្ពោះមកប្រទេសកម្ពុជា មានរហូតដល់ទៅ ៩៣ជើង។ ក្នុងនោះហោះឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញចំនួន ៥១ជើង ហោះទៅកាន់ព្រលានយន្តហោះខេត្តសៀមរាបចំនួន ៣០ជើង និងហោះទៅព្រលានយន្តហោះខេត្តព្រះសីហនុ ១២ជើង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងដូច្នេះក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន ក្រោមប្រធានបទ «កម្ពុជា៖ ព្រះរាជាណាចក្រ នៃកាលានុវត្តភាព ខ្សែក្រវាត់មួយផ្លូវមួយ» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី ក្នុងតំបន់អភិវឌ្ឍន៍របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ។
បើតាមសម្តេចតេជោ ហ៊ុន សែន ដោយសារតែចំនួនហោះត្រង់ពីចិនមកកម្ពុជា មានចំនួនច្រើនជើងនេះ បានធ្វើឲ្យចំនួនភ្ញៀវទេសចរចិនមកកាន់កម្ពុជា ឈរនៅលំដាប់ទី២ ដែលមានចំនួនរហូតដល់ទៅ ៧០ម៉ឺននាក់នៅក្នុងឆ្នាំ២០១៥កន្លងទៅនេះ កើនឡើងប្រមាណ ២៤ភាគរយធៀងនិងឆ្នាំ២០១៤។ សម្រាប់ឆ្នាំ២០១៦នេះ កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរមកពីចិនប្រមាណ ៨០ម៉ឺននាក់៕