(ភ្នំពេញ)៖ សមាគមអ្នកសាងសង់កម្ពុជា បានរៀបចំពិធីមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី៩ និងសម្ភោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ប៉ែន សុផល រដ្ឋលេខាធិការ តំណាងលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ និងប្រធានសហព័ន្ធអ្នកសាងសង់អាស៊ាន ប្រធានសហព័ន្ធអន្ដរជាតិនៃសមាគមអ្នកសាងសង់អាស៊ី ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានថ្លែងថា បច្ចុប្បន្នសមាគមមានសមាជិកប្រមាណ១២០ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនប្រកបអាជីវកម្ម សិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនលក់សម្ភារ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់គ្រប់ប្រភេទ ក្រុមហ៊ុនអចលនទ្រព្យ រោងចក្រផលិតបេតុង ក្រុមហ៊ុនតម្លើងប្រព័ន្ធអគ្គីសនី ទឹក ម៉ាស៊ីនត្រជាក់ ក្រុមហ៊ុនធារ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូនសម្ភារ សំណង់ ក្រុមហ៊ុនធ្វើពិសោធន៍ដី ក្រុមហ៊ុនធ្វើសសរគ្រឹះ និងគ្រឹះ ក្រុមហ៊ុនសេវាកម្មលក់អចលនទ្រព្យ និងក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យសំណង់ជាច្រើនផ្សេងៗទៀត។
អ្នកឧកញ៉ាប្រធានសមាគម បន្ថែមថា ជារៀងរាល់ឆ្នាំសមាគមតែងតែរៀបចំកម្មវិធីនេះឡើង ដើម្បីផ្ដល់ឱកាសឲ្យសមាជិកសមាគមទាំងអស់ ព្រមទាំងក្រុមហ៊ុននៅក្នុងស្រុក និងបរទេសដែលកំពុងមានធុរកិច្ចលើកវិស័យសំណង់ទាំងអស់នៅកម្ពុជា មានឱកាសបានដាក់តាំងបង្ហាញ និងលក់ផលិតផលដូចជា សម្ភារៈ ឧបករណ៍ គ្រឿងចក្រសំណងគ្រប់ប្រភេទ មិនតែប៉ុណ្ណោះក៏មានបង្ហាញ និងលក់ផ្ទះសម្បែង និងការបង្ហាញពីបច្ចេកវិទ្យាសាងសង់ទំនើបៗ មានស្ដង់ដារត្រឹមត្រូវ។
សូមបញ្ជាក់ថា ឆ្នាំ២០១៦នេះ ឃើញមានក្រុមហ៊ុនទាំងអស់នៅក្នុងស្រុក និងបរទេសជាច្រើនសរុបប្រមាណជាង១០០ក្រុមហ៊ុន មានស្ដង់ប្រមាណជិត៣០០ស្ដង់ បានដាក់តាំងបង្ហាញ និងលក់ផលិតផល និងសេវាកម្មដែលពាក់ព័ន្ធនឹងវិស័យសំណង ជាច្រើនប្រភេទផ្សេងៗទៀត ដែលបាននាំចូលពីបណ្ដាប្រទេសជាច្រើនលើពិភពលោកសរុបប្រមាណជាង២០០ប្រភេទ។
ដោយឡែកនៅឆ្នាំ២០១៧ សមាគមបានគ្រោងរៀបចំកម្មវិធីមហាសន្និបាតបូកសរុបការងារ និងពិធីតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជានេះ ពោលគឺនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧៕