(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកាធុរកិច្ច កម្ពុជា-ចិន ដែលធ្វើឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វេទិការៀបចំរួមគ្នា ដោយក្រុមហ៊ុនវិនិយោគមីងសឹង (China Minsheng Investment Group -CMIG) និងក្រុមហ៊ុន លីយ៉ុងផាត់គ្រុប (អិល.វ៉ាយ.ភី គ្រុប) របស់កម្ពុជា។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងពាណិជ្ជករមកពីប្រទេសចិន និងកម្ពុជា បានជួបពិភាក្សាអំពីការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា ក្នុងវេទិកានេះ ព្រមទាំងមានការចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ និងគម្រោងវិនិយោគផ្សេងៗផងដែរ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ការអនុគ្រោះដល់អ្នកវិនិយោគគិនរបស់ចិន និងកូរ៉េខាងត្បូង រយៈពេល៣ឆ្នាំលើទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនធម្មតា ដោយមិនមានការបង់ថ្លៃទិដ្ឋាការនោះទេ។ ការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសចិនបានជួយសាងសង់ផ្លូវវែងជាងគេ ដែលពេលនេះមានប្រវែងសរុប១៥០០គីឡូម៉ែត្រ និងជួយសាងសង់ស្ពានរួចចំនួន ៧មានប្រវែងសរុប ៣,១០៤ម៉ែត្រ។
* សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងអំពីការបន្តជំរុញអ្នកវិនិយោគទុនមកកម្ពុជា និងពង្រឹកពង្រីកបន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អបន្ថែមទៀតរវាងអ្នកវិនិយោគទុនកម្ពុជា-ចិន។
* សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ដោយភាពអំណោយផលនៃស្ថិតភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខពេញលេញក្នុងប្រទេស បានធ្វើឲ្យកម្ពុជាស្ថិតនៅលើគន្លងនៃការ អភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងអត្រាកំណើនជាមធ្យម៧,៧ភាគរយ ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងទៅ។ ហើយក្នុងឆ្នាំ២០១៦នេះ អត្រាកំណើននឹងសម្រេចបានក្នុងរង្វង់៧ភាគរយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង១០៖៣៥នាទីព្រឹកថ្ងៃដដែលនេះ, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕