(ភ្នំពេញ)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំដោយ​ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា នៅព្រឹកថ្ងៃទី០១ខែ ធ្នូ ឆ្នាំ២០១៦ ដោយមានការចូលរួមពីសំណាក់ ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិកាវត្តនន្ទមុនី និងជាព្រះវិន័យធរអនុគណខណ្ឌមានជ័យ សមាជិក សមាជិកា និងសប្បុរសជនជាច្រេីនទៀត បានចុះសួរសុខទុក្ខនិង នាំយកអំណោយមនុស្សធម៌របស់អនុសាខាខណ្ឌមានជ័យ ទៅចែកជូនដល់ប្រជាពលរដ្ឋ និងចាស់ជរា ទីទ័លក្រគ្មានទីពឹង ដែលមានជីវភាពខ្វះខាត ចំនួន១១ គ្រួសារ (មាន ៤ភូមិ)ក្នុងសង្កាត់ស្ទឹងមានជ័យ ​ ខណ្ឌមានជ័យ។ ក្នុងនោះក៏បានចែកជូននៅរទេះពិការចំនួន៤គ្រួសារផងដែល។

លោក ឌី រ័ត្នខេមរុណ បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ ពោលគឺ សុខទុក្ខប្រជាពលរដ្ឋ និងសុខទុក្ខសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺតែមួយ។

អំណោយមនុស្សធម៌​ របស់អនុសាខាខណ្ឌដែលត្រូវ ផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖

អង្ករ៣០គីឡូ ឃិត១ (មុង ភួយ ក្រមារ សារ៉ុង ) មី១កេស ត្រី ខ១យួរ ទឹកសុីអុីវ១យួរ ទឹកសុទ្ធ១យ៉ួរ និងថវិកា២មុឺនរៀល។

រួមទាំងថវិកា ព្រះចៅអធិការវត្តនុន្ទមុនី ២មុឺនរៀល និងទេយ្យទាន សប្បុរសជន ៤មុឺនរៀល ក្នុងនោះអំណោយរបស់អនុសាខាក៏បានចែកជូននៅរទេះពិការ ជូនយោធិនពិការចំនួន៤គ្រួសារ សរុបថវិការ៨មុឺនរៀលក្នុងមួយគ្រួសារផងដែល៕