(ភ្នំពេញ)៖ ទីបំផុត នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស លោក ស៊ុត ឌីណា អតីតអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំនិងពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធនឹងពាក់ព័ន្ធភាពមិនប្រក្រតីនៃពេលបំពេញការងាររយៈពេល៣ឆ្នាំ។ សាលក្រមនេះ ប្រកាសដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយពុំមានអានសំអាងហេតុទេ។
សូមជំរាបថា លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦កន្លងទៅ ហើយបានរកឃើញថា លោកមានការ ពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តការងារនៅប្រទេសកូរ៉េ ដោយមានលុយរហូតដល់ ៧.២លានដុល្លារអាមេរិក និងមាស៣៣៩តម្លឹង បន្ទាប់ពីកាន់តំណែង បាន៣ឆ្នាំ។
តុលាការបានសម្រេចចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួន២បទល្មើស រួមមានបទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ៕