(ភ្នំពេញ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋ ១៥១នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលពេញ១ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈប្រជាពលរដ្ឋ៦០៩នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល នេះបើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។
របាយការណ៍ដដែលបានបញ្ជាក់ថា រយៈពេលពីថ្ងៃទី១ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទូទាំងប្រទេសកម្ពុជា កើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៣៧លើក ហើយមូលហេតុដែលនាំឲ្យគ្រោះថ្នាក់ ដោយសារបើកបរក្នុងល្បឿនលឿន ១២៣លើក ស្រវឹង២៦លើក ប្រជែង៣៨លើក មិនប្រកាន់ស្តាំ៤៧លើក បត់គ្រោះថ្នាក់៤៥ មិនគោរពសិទ្ធិ ៤៦លើក និងកត្តាមួយចំនួនទៀត។
គ្រោះថ្នាក់ចរាចរណ៍ពេញ១ខែនេះ បណ្តាលឲ្យខូចខាតម៉ូតូ ៣៥០គ្រឿង រថយន្តតូច១២៩គ្រឿង រថយន្តធំ៦៧គ្រឿង និងយានផ្សេងៗ១៨គ្រឿង ខណៈខេត្ត-រាជធានីដែលមានគ្រោះថ្នាក់ច្រើនជាងគេ គឺ រាជធានីភ្នំពេញ ស្លាប់២៧នាក់ របួស៥២នាក់ បាត់ដំបង ស្លាប់១៤នាក់ របួស២១នាក់ កំពង់ធំ ស្លាប់១១នាក់ របួស១៩នាក់ ព្រៃវែង ស្លាប់១០នាក់ របួស៦នាក់ បន្ទាយមានជ័យ ស្លាប់៩នាក់ របួស២៤នាក់ កំពត ស្លាប់៩នាក់ របួស៦៤នាក់ តាកែវ ស្លាប់៩នាក់ របួស១៧នាក់ កណ្តាល ស្លាប់៨នាក់ របួស៤៥នាក់ និងខេត្តកំពង់ស្ពឺ ស្លាប់៧នាក់ របួស៥៣នាក់៕