(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួន ជនជាតិចិន២នាក់ ដែលបានចាក់ប្លន់យកទ្រព្យសម្បត្តិ ពីជនរងគ្រោះ២នាក់ ដែលជាអ្នកធ្វើការជាមួយគ្នា ហើយបណ្តាលឲ្យជនរងគ្រោះរងរបួសផងដែរ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា អំពើប្លន់នេះបានកើតឡើង នៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅកាស៉ីណូលើភ្នំ ក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ជនបង្កមានគ្នា២នាក់៖ ១.ឈ្មោះ ដឹង ហូសេង អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកកាស៉ីណូលើភ្នំ កាន់លិខិតឆ្លងដែនលេខ E84415478 និង២.ឈ្មោះ លាំង ម៉ូឆាង អាយុ ២២ឆ្នាំ បុគ្គលិកកាស៉ីណូលើភ្នំ កាន់លិខិតឆ្លងដែនលេខ E50008409។
ដោយឡែក ជនរងគ្រោះមានគ្នា២នាក់៖ ១.ឈ្មោះ អ៊ូ យ៉ាងកូចឹង ភេទប្រុស មុខរបរបុគ្គលិកកាស៉ីណូលើភ្នំ ត្រូវជនសង្ស័យចាក់១កាំបិទចុងស្រួច ត្រូវចំដើមដៃខាងស្តាំ រងរបួសស្រាល និង២.ឈ្មោះ លាវ សៀវលីវ ភេទប្រុស មុខរបរបុគ្គលិកកាស៉ីណូលើភ្នំ ត្រូវជនសង្ស័យចាក់១កាំបិតចុងស្រួច ត្រូវចំកណ្តាលខ្នង រងរបួសស្រាល។
បើតាមលោកស្នងការ សម្ភារៈដែលបាត់បង់ ប្រាក់ចំនួន ៣០០០ដុល្លារ និងកុំព្យួទ័រចំនួន១គ្រឿង។
លោកបានបញ្ជាក់ទៀតថា «បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញសហការជាមួយ កំលាំងមូលដ្ឋានបានស្រាវជ្រាវ នឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួនរួមមាន៖ លុយ១០៩៣ដុល្លារ, លុយយ័ន៤០០, លុយខ្មែរ៤៩០០រៀល, កុំព្យួទ័រ១គ្រឿង ពណ៌ខ្មៅ និងកាំបិតចុងស្រួច១ដើម ជាឧបករណ៍ប្រព្រឹត្តបទល្មើស»។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងបន្ត និងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕