(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៦នេះ កម្ពុជា គឺជាប្រទេសតែមួយគត់នៅក្នុងតំបន់ ដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារច្រើនជាងគេ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិ ផលប្រយោជន៍ និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិត។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់នោះមានរហូតដល់ទៅ១៣ ដែលក្នុងនោះមានអនុសញ្ញាស្នូលទាំង៨។ អនុសញ្ញាស្នូលទាំង៨នោះរួមមាន៖
១. អនុសញ្ញាលេខ២៩ ស្តីពីការងារដោយបង្ខំ
២. អនុសញ្ញាលេខ៨៧ ស្តីពីសេរីភាព នៃសមាគម និងការការពារសិទ្ធិ នៃការបង្កើតសមាគម
៣. អនុសញ្ញាលេខ៩៨ ស្តីពីការអនុវត្តគោលការណ៍ស្តីអំពីសិទ្ធិ នៃការបង្កើតសមាគម និងសិទ្ធិ នៃការចរចាជាសមូហភាព
៤. អនុសញ្ញាលេខ១០០ ស្តីពីប្រាក់ឈ្នួលស្មើគ្នាសម្រាប់កម្មករនិយោជិតប្រុស-ស្រ្តី ចំពោះការងារមានតម្លៃស្មើគ្នា
៥. អនុសញ្ញាលេខ១០៥ ស្តីពីការលុបបំបាត់ការងារដោយបង្ខំ
៦. អនុសញ្ញាលេខ១១១ ស្តីពីការរើសអើងក្នុងការងារ និងមុខរបរ
៧. អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការងារ
៨. អនុសញ្ញាលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងការងារបានឲ្យដឹងទៀតថា ក្រៅពីអនុសញ្ញាអន្តរជាតិខាងការងារ ដែលផ្តល់សច្ចាប័នខាងលើហើយនោះ កម្ពុជា ក៏បានធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការអន្តរជាតិខាងការងារ ដើម្បីបញ្ចូលខ្លឹមសារ ដែលមានចែងនៅក្នុងអនុសញ្ញាអន្តរជាតិខាងការងារផ្សេងទៀតទៅក្នុងច្បាប់ និងបទបញ្ញត្តិរបស់កម្ពុជាផងដែរ។
ក្រសួងការងារបានបន្តថា ខ្លួននឹងធ្វើការសិក្សាស្រាវជ្រាវ ពិនិត្យលទ្ធភាពផ្តល់សច្ចាប័នដល់អនុសញ្ញាអន្តរជាតិខាងការងារផ្សេងៗទៀត ដូចជាអនុសញ្ញាលេខ១៨៣ និង១៨៩ ស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា និងបរិបទក្នុងតំបន់៕