(កណ្ដាល)៖ កម្លាំងអាវុធហត្ថខេត្តកណ្ដាល បានចុះបង្រ្កាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ចំនួន ២ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ព្រមទាំងដកហូតបានថ្នាំញៀន និងវត្ថុតាងមួយចំនួន ដែលប្រតិបត្តិការនេះ បានធ្វើឡើង ក្រោមការជាការបញ្ជាផ្ទាល់ពីមេបញ្ជាការអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រី សំ តុលា។
តាមរបាយការណ៍ស្តីពី ការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល បានឲ្យដឹងថា ការចុះបង្រ្កាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹមនេះ ធ្វើឡើងចំនួន ២ករណីផ្សេងគ្នា រួមមាន៖
ករណីទី១.នៅវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថស្រុកខ្សាច់កណ្តាល ដឹកនាំដោយលោកមេបញ្ជាការស្រុក បានចុះបង្រ្កាបជនសង្ស័យម្នាក់ ឈ្មោះ អឿន សេងឡុង អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម ត្រង់ចំណុចច្រកចូលវិទ្យាល័យ «ហ៊ុន សែន រ៉ូតា» ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។
កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ថ្នាំម៉ាទឹកកកចំនួន ៧កញ្ចប់, ម៉ូតូ១គ្រឿងម៉ាក C-100 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខ ភ្នំពេញ 1L-5432, ស្នរចាក់១ដើម, ទូរស័ព្ទដៃ១គ្រឿង, ពិលពាក់ក្បាល១ និងដែកកេះ១។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ថ្នាំញៀនទាំងអស់ខាងលើ ខ្លួនបានទិញពីឈ្មោះ គឿន សុខឃី មានទីលំនៅភូមស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ករណីទី២.ដោយមានការអនុញាតពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល នៅម៉ោង ១០៖២៥នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថស្រុកខ្សាច់កណ្ដាលដដែល បានបន្តចុះឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ គឿន សុខឃី អាយុ៣២ឆ្នាំ ស្ថិតនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល និងបានរកឃើញថ្នាំញៀនចំនួន ៤កញ្ចប់កម្លាំងអាវុធហត្ថក៏បានធ្វើការឃាត់ខ្លួនជននេះ តែម្ដង។
ក្នុងពេលឆែកឆេរ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងខ្លះទៀត រួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកហុងដា, ទូរស័ព្ទដៃ ២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើ ត្រូវបានតុលាការចាត់ការតាមបន្តនីតិវិធីតាមច្បាប់ នៅសាលាដំបូងខេត្តកណ្ដាល៕