(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ លោកស្រី ភឿង សក្កណា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានសម្រេចដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ របស់អង្គការយូណេស្កូហើយ នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូនាទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
បើតាមលោកស្រី ភឿង សក្កណា ការសម្រេចរបស់អង្គការយូណេស្កូ បានធ្វើឡើងបន្ទាប់ពីកម្ពុជា បានដាក់សំណើអស់រយៈពេលជាងមួយឆ្នាំមកហើយ។ លោកស្រីបានបន្ថែមថា ចាប៉ីដងវែង ដែលជាឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះ ត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌអរូបីដែលត្រូវការសង្គ្រោះបន្ទាន់។
លោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌ ក៏បានឲ្យដឹងផងដែរថា ទន្ទឹមនិងការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយហើយនោះ អង្គការយូណេស្កូ ក៏បានផ្តល់ថវិកាជាង ២៣ម៉ឺនដុល្លារ សម្រាប់ធ្វើសកម្មភាពក្នុងការអភិរក្ស ផ្សព្វផ្សាយ និងបញ្ជ្រៀបឧបករណ៍ចាប៉ីដងវែងនេះ ទៅក្នុងស្រទាប់យុវជន។
លោកស្រី ភឿង សក្កណា បានបង្ហាញក្តីរំភើបរីករាយខ្លាំង ចំពោះការសម្រេចរបស់អង្គការយូណេស្កូ។ លោកស្រីថា នេះគឺជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ជាពិសេសក្រោមការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អស់ជាច្រើនឆ្នាំមកហើយ។
ចាប៉ីដងវែង គឺជាឧបករណ៍បុរាណរបស់ខ្មែរ ដែលមានអាយុកាលយូរលង់ណាស់មកហើយ។ ចាប៉ីដងវែង មានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ ២ទេ។ ចាប៉ីប្រើសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។
ចាប៉ីចែកចេញជា ដង ព្រលួត ប្រកៀន (ធរណី) ខ្ទង់ ស្នូក (ប្រអប់សំនៀង) ក្រាញ (គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និង ខ្សែនីឡុង៕