(ភ្នំពេញ)៖ លោក បេលីន ថមបរ ទីប្រឹក្សានយោបាយជាន់ខ្ពស់ នៃប្រទេសហុងគ្រី បានថ្លែងថា កម្ពុជា ជាដៃគូដ៏ល្អសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគ។
លោក បេលីន ថមបរ ថ្លែងដូច្នេះ ក្នុងពេលដែលរូបលោកដឹកនាំមន្រ្តីប្រតិភូហុងគ្រីជាច្រើនរូប ចូលជួបសម្តែងការគួរសម និង សំណេះសំ ណាលការងារជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
បើតាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងជំនួបនោះ បានពិភាក្សាផ្ដោតលើកាលានុវត្តភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។
លោក ថមបរ បានថ្លែងថា ប្រទេសហុងគ្រី សម្លឹងឃើញប្រទេសកម្ពុជាជាដៃគូរដ៏ល្អក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលហុងគ្រីមានជំនាញ ច្បាស់លាស់ដូចជា ការការពារបរិស្ថាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ សុវត្ថិភាពចំណីអាហារ និងការកែច្នៃចំណីអាហារ និងគ្រឿងចក្រកសិកម្ម ដែលជាវិស័យដែលហុងគ្រីមានចំណាប់អារម្មណ៍ក្នុងការវិនិយោគ។
លោក ប៉ាន សូរស័ក្តិ បានថ្លែងថា កម្ពុជាស្វាគមន៍ជានិច្ចរាល់កិច្ចសហប្រតិបត្តិការ និងការវិនិយោគបរទេស។ លោករដ្ឋមន្រ្តី បានគូស បញ្ជាក់ប្រាប់ប្រតិភូហុងគ្រីថា ដោយសារសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកជាចំបងលើកសិកម្ម កម្ពុជាមានតម្រូវការច្រើនលើបច្ចេកវិទ្យា និងឧបករណ៍កសិកម្មដូចជាម៉ាស៊ីនប្រមូលផល និងត្រាក់ទ័រជាដើម។ ម៉្យាងវិញទៀត កម្ពុជាក៏កំពុងតែមានគំនិតកែប្រែពលកម្មទៅជាពលកម្មដែលមានជំនាញ សម្រាប់ទ្រទ្រង់ដល់វិស័យកម្មន្ដសាលធុនស្រាល និងវិស័យកែច្នៃចំណីអាហារ ដែលកម្ពុជាមានស្រាប់នូវវត្ថុធាតុដើម ប៉ុន្តែខ្វះខាតបច្ចេកវិទ្យា។
លោករដ្ឋមន្រ្តី បានស្នើហុងគ្រី ឲ្យចាប់អារម្មណ៍សិក្សាវិនិយោគទៅលើវិស័យខាងលើនេះ។ លោករដ្ឋមន្រ្តីបន្តថា កម្ពុជាមានភាពប្រកួតប្រជែងខ្ពស់ផ្នែកពលកម្ម ការទទួលបានការអនុគ្រោះពន្ធគយ ពិសេសពីសហគមន៍អឺរ៉ុប និងការលើកទឹកចិត្តជាច្រើន ចំពោះការវិនិយោគបរទេស ក៏ដូចជាទីតាំងរបស់កម្ពុជា ដែលស្ថិតនៅតំបន់កណ្ដាល នៃឧបទ្វីបអាស៊ីអាគ្នេយ៍។
លោករដ្ឋមន្រ្តី ក៏ទទួលស្វាគមន៍ផងដែររាល់ជំនួយបច្ចេកទេសនានា និងការផ្ដល់អាហារូបករណ៍របស់ហុងគ្រី ដែលជាការមួយដ៏ប្រពៃ ក្នុងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា។ ដើម្បីចាប់ចំណងមិត្តភាពនិងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រីស្នើឲ្យភាគីទាំងពីរចុះហត្ថលេខា លើកិច្ចព្រមព្រៀង ឬអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏ជំរុញឲ្យសភាពាណិជ្ជកម្មកម្ពុជា និងហុងគ្រី ចុះអនុស្សរណៈ នៃការយោគយល់គ្នាមួយ ដើម្បីភ្ជាប់ទំនាក់ទំនងវិស័យឯកជន ដែលក្រសួងពាណិជ្ជកម្មមានសេចក្ដីរីករាយក្នុងការជួយសម្របសម្រួល ក៏ដូចជារៀបចំវេទិកា ដើម្បីឲ្យក្រុមហ៊ុនធំៗរបស់ប្រទេសទាំងពីរ បានជួបប្រស្រ័យទាក់ទង ស្វែងរកឱកាសក្នុងការសហការ៕