(ភ្នំពេញ)៖ នៅវេលាម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ការចុះឈ្មោះបោះឆ្នោតថ្មី បានបិទបញ្ចប់ហើយ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៨៣ភាគរយ នៃប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៩.៦លាននាក់ បានអញ្ជើញទៅចុះឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មិនទាន់អាចផ្តល់ទិន្នន័យពិតប្រាកដ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតនៅឡើយទេ ដោយសារតែដំណើរការទើបបានបិទបញ្ចប់។ តែលោកបានឲ្យទិន្នន័យប៉ាន់ប្រមាណថា មានចំនួនចន្លោះ ៧,៩ លាននាក់ ទៅ ៨លាននាក់។
លោក ហង្ស ពុទ្ធា បានឲ្យដឹងមកដល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលបានបណ្តឹងសរុប៩៧បណ្តឹង ពាក់ព័ន្ធទៅនឹងការចុះបញ្ជីឈ្មោះ បោះឆ្នោតថ្មីនេះ។ លោកថា បណ្តឹងទាំងនោះជារបស់អ្នកចុះឈ្មោះផង និងបណ្តឹងពីគណបក្សនយោបាយផង។
បើតាមលោក ហង្ស ពុទ្ធា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីនេះមានការថយចុះ បើប្រៀបធៀបនឹងបញ្ជីឈ្មោះចាស់ ដែលមានចំនួនរហូតទៅ៩,២លាននាក់។ តែទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា ថា ចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីចាស់នោះ មិនអាចយកជាការបាននោះទេ ព្រោះមានភាពមិនច្បាស់លាស់ច្រើន ដូចជាមានករណីឈ្មោះស្ទួន និងកំហុសពីការធ្វើបញ្ជីមិនច្បាស់លាស់ជាដើម។
ការចុះឈ្មោះបោះឆ្នោតថ្មីធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្រោមការជួយរៀបចំរបស់ប្រទេសជប៉ុន និងសហភាពអឺរ៉ុបនេះ រយៈពេល៩០ថ្ងៃចាប់តាំងពីថ្ងៃទី០១ ខែកញ្ញារហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកានេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សកាន់អំណាច បានវាយតម្លៃថាមានភាពល្អប្រសើរច្រើន។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវក្តីរីករាយ និងអបអរសាទរផងដែរ ដែលមានប្រជាពលរដ្ឋខ្មែរជាច្រើនបាន ទៅចុះឈ្មោះបោះឆ្នោតបែបនេះ។
លោក សុខ ឥសាន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា «ខ្ញុំមានការសប្បាយរីករាយដែលបងប្អូនប្រជាពលរដ្ឋជាង៧លាននាក់បានទៅ ចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ នេះជាមោទនភាពរបស់យើងហើយ ហើយខ្ញុំចូលរួមអបអរសាទរដែលប្រជាពលរដ្ឋ មានស្មារតីនឹករលឹក និងបានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតលើចំនួនដ៏ច្រើនលើសលប់។ ហើយការបន្ថែម ថ្ងៃចុះឈ្មោះ១ថ្ងៃទៀត របស់ គ.ជ.ប ដែលចង់ឲ្យបងប្អូនយើង ទៅចុះឈ្មោះបោះឆ្នោតឲ្យបានច្រើនជាអតិបរមា»។
លោកបន្តថា «ទោះបីជាមិនបានអ្នកទៅចុះឈ្មោះបោះឆ្នោត១០០ភាគរយ ប៉ុន្តែអ្នកដែលបានទៅចុះឈ្មោះមានអត្រាខ្ពស់រួចទៅហើយ គឺមានរហូតទៅដល់ ជាង៨០ភាគរយ ចឹងវាជាតួលេខមួយដែលគួរតែសប្បាយរីករាយដែរ ក៏ប៉ុន្តែយើងក៏មានការសោកស្តាយ ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនបានមកចុះឈ្មោះបោះឆ្នោត ដូចជាប្រជាពលរដ្ឋទៅស្រុកក្រៅឆ្ងាយពិបាកមកចុះឈ្មោះបោះឆ្នោត»។
តែគណបក្សសង្រ្គោះជាតិវិញ មិនបានមើលឃើញដូចខាងគណបក្សកាន់អំណាចនោះឡើយ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំង បានបង្ហាញការសោកស្តាយ ដោយសារមានពលករខ្មែរនៅក្រៅប្រទេសជាង ១លាននាក់មិនបានចុះឈ្មោះបោះឆ្នោត។
លោក យឹម សុវណ្ណ បានបញ្ជាក់ដែរថា គណបក្សរបស់លោក ក៏បានរកឃើញមានភាពមិនប្រក្រតីជាច្រើនទៀត ដូចជាមានជនបរទេសរាប់ពាន់នាក់ បានចុះឈ្មោះបោះឆ្នោត ហើយមានមេឃុំមួយចំនួនមិនបាននៅសាលាឃុំ ដើម្បីជួយចេញលិខិតបញ្ជាក់ឲ្យប្រជាពលរដ្ឋចុះ ឈ្មោះបោះឆ្នោត។
បើតាមលោក យឹម សុវណ្ណ គណបក្សរបស់លោកត្រៀមពាក្យបណ្តឹងជាច្រើនប្តឹងទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បី ដោះស្រាយលើភាពមិនប្រក្រតីទាំងនេះ៕