(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់អំណោយជា អង្ករ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ដោយអនុសាខានីមួយៗទទួលបានអង្ករចំនួន ១៥តោន។
ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដល់អនុសាខាខណ្ឌទាំង១២ ដែលតែងតែបានធ្វើសកម្មភាពជាបន្តបន្ទាប់តាមគោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហម ចុះជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតដោយផ្ទាល់ដល់លំនៅឋានក្នុងនោះមាន ចាស់ជរាឥតទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកមានជំងឺរ៉ាំរ៉ៃ អ្នកផ្ទុកមេរោអេដស៍/ជំងឺអេដស៍។ល។ ហើយថ្ងៃនេះទៀតបានផ្តល់ អង្ករចំនួន ១៥តោន ដល់អនុសាខានីមួយៗ គឺសម្រាប់អនុសាខាយកទៅចាត់ចែងផ្តល់ជូនដល់អ្នកងាយរងគ្រោះបំផុតចំនួន ៥០០គ្រួសារ ក្នុងបូរណភាពទឹកដីនៃខណ្ឌនីមួយៗ ឲ្យមានប្រសិទ្ធភាព។
ជាកិច្ចឆ្លើយតប អនុសាខាទាំង ១២ខណ្ឌ បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរដល់អនុសាខាគ្រប់កាលៈទេសៈ។ ជាមួយគ្នានេះ អនុសាខាទាំង ១២ ប្តេជ្ញាអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដោយនាំយកអង្ករទាំងនេះជូនដល់ដៃប្រជាពលរដ្ឋផ្ទាល់ ព្រមទាំងជូនពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងក្រុមគ្រួសារ សូមជួបតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះដែលត្រូវការឱ្យជួយបានកាន់តែច្រើន និងទាន់ពេលវេលា។
សូមបញ្ជាក់ជូនថា កាកបាទក្រហមកម្ពុជា តែងតែផ្តល់ អង្ករ មី ត្រីខ និងសម្ភារៈប្រើប្រាស់ ដល់អនុសាខាទាំង១២ខណ្ឌ ក្នុងមួយឆ្នាំ ចំនួន ២លើក ហើយក្នុងមួយលើកសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣០០គ្រួសារ ក្នុងខណ្ឌនីមួយៗ ៕