(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា រាជរដ្ឋាភិបាលគ្មានគម្រោងនឹងស្នើវិសោនកម្មរដ្ឋធម្មនុញ្ញ ដើម្បីផ្លាស់ប្តូរការប្រើប្រាស់ផែនទីពីខ្នាត ១/១០០០០០ មកជាផែនទីខ្នាត ១/៥០០០០ នោះទេ។ ផែនទីបោន ១/១០០០០០ នៅតែប្រើប្រាស់ជាផែនទីគោលដដែល។
លោក វ៉ា គឹមហុង បាននិយាយថា «យើងមិនមានរឿងអីដែលត្រូវកែរដ្ឋធម្មនុញ្ញទេ យើងនៅតែប្រើប្រាស់ផែនទីផ្លូវការ ១/១០០០០០ ហ្នឹងដដែល ក៏ប៉ុន្តែក្នុងការអនុវត្តលើដីជាក់ស្តែង យើងត្រូវការផែនទីដែលជាក់លាក់ ជាផែនទីធ្វើក្រោយ ១/៥០០០០នោះ អត់មានខុសទេ។ ផែនទីខ្នាត១/៥០០០០ យើងមាននិយាមការ ប៉ុន្តែបើយើងយកខ្នាត ១/១០០០០០ យើងអត់មាននិយាមកាទេ»។
កាលពីសប្តាហ៍មុន ក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម ក្រៅកិច្ចប្រជុំ CLV នៅខេត្តសៀមរាប ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានឯកភាពគ្នាស្នើទៅរដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ ដើម្បីឱ្យជួយពង្រីកពីផែនទី បោនខ្នាត ១/១០០០០០ មកផែនទី UTM ខ្នាត ១/៥០០០០ វិញ ដើម្បីងាយស្រួលក្នុងការរកចំណុចក្នុងការបោះបង្គោលព្រំដែនដែលនៅសេសសល់។
សូមជំរាបថា ថ្មីៗនេះលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហាញជំហរគាំទ្រ ដល់ការផ្លាស់ប្តូរផែនទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសវៀតណាមនេះ។ ប៉ុន្តែព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានចាត់ទុកថា ការប្រើប្រាស់ផែនទីខ្នាត១/៥០០០០ គឺខុសនឹងមាត្រា២ នៃរដ្ឋធម្មនុញ្ញ។
ព្រះអង្គម្ចាស់ ធម្មិកោ បានសរសេរនៅលើ Facebook របស់ព្រះអង្គថា «ការប្រើប្រាស់ផែនទីថ្មីខ្នាត ១/៥០០០០ ជាការផ្ទុយមាត្រា២ នៃរដ្ឋធម្មនុញ្ញយើង ដែលចែងអោយយើងប្រើផែនទីខ្នាត ១/១០០០០០»។ ព្រះអង្គបន្ថែមថា «បើយើងធ្វើវិសោធនកម្ម មាត្រា២ នៃច្បាប់រដ្ឋធម្មនុញ្ញយើងទទួលស្គាល់ថា សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ស្របច្បាប់ហើយ ស្មើរនិងកាត់កោះត្រល់អោយទៅយួនជាស្ថាពរ»។
លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានពន្យល់ថា អ្នករិះគន់ទាំងនោះមិនមានការយល់ដឹងអំពីរឿងផែនទីខ្មែរច្បាស់លាស់ទេ។ លោកបានបន្ថែមថា កន្លងមករាជរដ្ឋាភិបាល បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីការផ្ទៀងផ្ទាត់ផែនទី ដែលមើលទៅដូចគ្នាទាំងអស់ ទាំងផែនទីខ្មែរដែលផ្តល់ឱ្យដោយប្រទេសបារាំង អាមេរិក និងអង់គ្លេស។ ចំណែកផែនទី UTM គឺជាផែនទីដែលផ្តល់ចំណុច និងតម្រុយច្បាស់ជាងផែនទីបោន។
លោក វ៉ា គឹមហុង បានលើកឡើងយ៉ាងដូច្នេះថា៖ «ផែនទីបោនខ្នាត១/១០០០០០ ធ្វើតាំងពីមុនសង្គ្រាមលោកលើកទី២ ឬក្រោយបន្តិចបន្តួច ប៉ុន្តែបើផែនទីអាមេរិកាំង (សម្តៅលើផែនទី UTM) ធ្វើនៅទស្សវត្សទី៦០ ដើម្បីធ្វើសង្គ្រាមនៅវៀតណាម ដែលផែនទីនេះមានតម្រុយជាក់ស្តែង ហើយថ្មីជាងបារាំងធ្វើ»។
អ្នកជំនាញបច្ចេកទេស បានពន្យល់ថា ផែនទីខ្នាត១/១០០០០០ គឺសម្តៅលើទំហំ ១សង់ទីម៉ែត្រលើក្រដាស ដែលស្មើនឹង ១គីឡូម៉ែត្រ លើផែនដីជាក់ស្តែង។ ចំណែកឯផែនទីខ្នាត ១/៥០០០០ សម្តៅលើថា ១សង់ទីម៉ែត្រលើក្រដាសផែនទី ស្មើនឹង៥០០ម៉ែត្រ លើផែនដីជាក់ស្តែង ឬ ២សង់ទីម៉ែត្រលើក្រដាស ស្មើនឹង ១គីឡូម៉ែត្រ លើផែនដីជាក់ស្តែង។ ផែនទីខ្នាត ១/៥០០០០ មានលក្ខណៈធំជាង ផែនទីខ្នាត១/១០០០០០ ដែលអាចឱ្យមើលឃើញនិយាមកាបាន។
សូមជំរាបថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែនចំនួន៣១៤បង្គោល។ គណៈកម្មការព្រំដែន បានអះអាងថា គិតរហូតដល់ពេលនេះ ភាគីទាំងពីរបានធ្វើការបោះបង្គោលព្រំដែនបានចំនួន ៨៣ភាគរយហើយ។ ប៉ុន្តែនៅប្រមាណ១៧ភាគរយទៀត មិនទាន់ត្រូវបានបោះនៅឡើយទេ ដែលភាគីទាំងពីរកំពុងរកដំណោះស្រាយបន្ត។
រាជរដ្ឋាភិបាល ធ្លាប់បានប្រកាសថា នឹងប្រឹងប្រែងក្នុងការបញ្ចប់ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ឱ្យបានឆាប់នាពេលខាងមុខ៕